សម្តេចធិបតី៖ កម្ពុជា ត្រូវពង្រឹងពង្រីកសមត្ថភាពធនធានមនុស្ស និងសម្ភារៈបច្ចេកទេស ដើម្បីឆ្លើយតបចំពោះគ្រោះមហន្តរាយផ្សេងៗ
ភ្នំពេញ៖ ក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនកម្ពុជា ចិន-ផែរាម នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា កម្ពុជា ត្រូវពង្រឹងពង្រីកសមត្ថភាពធនធានមនុស្ស និងសម្ភារៈបច្ចេកទេស ដើម្បីឆ្លើយតបចំពោះគ្រោះមហន្តរាយផ្សេងៗ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យកងទ័ពជើងទឹក ត្រូវបង្កើនសមត្ថភាពដែនសមុទ្ររបស់ខ្លួន ហ្វឹកហ្វឺនបង្កើនសមត្ថភាពបំពេញបេសកកម្មការពារដែនសមុទ្រ និងប្រតិបត្តិការល្បាត រុករក និងសង្គ្រោះ។ បង្កើនសមត្ថភាពក្នុងការធ្វើប្រតិបត្តិការជាមួយ កម្លាំងប្រដាប់អាវុធនៅក្នុងតំបន់ ហើយសមត្ថភាពជាមូលដ្ឋានដែលកងទ័ពជើងទឹកអាច បំពេញភារកិច្ចរបស់ខ្លួនបាន គឺការល្បាតជាប្រចាំនៅក្នុងដែនទឹក និងតាមបណ្ដាកោះ។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី ក៏បានណែនាំបន្ថែមឲ្យកងទ័ពជើងទឹកកម្ពុជា ត្រូវការបច្ចេកទេស និងជំនាញមួយចំនួនសម្រាប់ធ្វើប្រតិបត្តិការប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការជ្រៀតចូលនៃអំពើភេរវកម្ម ហើយបច្ចេកទេស និង ជំនាញទាំងនេះ កំពុងត្រូវបានអភិវឌ្ឍជាបណ្តើរៗ ដោយមានការឧបត្ថម្ភគាំទ្រពីសំណាក់ ដៃគូសន្តិសុខអន្តរជាតិ, ជាពិសេស ការជួយឧបត្ថម្ភពីសំណាក់មិត្តចិន ដែលមានសក្ខីភាពនៅទីនេះស្រាប់ ៕