នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនត្រូវការមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួននោះទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ចាប់ពីពេលនេះទៅ កម្ពុជាមិនត្រូវការមូលដ្ឋានទ័ពបរទេសនៅលើទឹកដីរបស់ខ្លួននោះទេ។
ក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនកម្ពុជា ចិន-ផែរាម នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី បានថ្លែងថា អ្នកស្នេហាជាតិទាំងឡាយ គួរតែមានមោទនភាពសម្រាប់ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានប្រទេសជាច្រើន មានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីរបស់ពួកគេដោយបើកចំហរគ្មានបញ្ហា ចុះកម្ពុជាគ្រាន់តែធ្វើទំនើបកម្មមូលដ្ឋានទ័ពរបស់ខ្លួន ខុសដែរឬ? សម្តេចក៏បានប្រកាសបើកការស្វាគមន៍ប្រទេសជាមិត្តទាំងអស់ មកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាម។
សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី បានថ្លែងថា ទៅថ្ងៃមុខកម្ពុជា នឹងមាននាវាចម្បាំងពីរគ្រឿងនាពេលខាងមុខ ដែលធ្វើឱ្យសមត្ថភាពប្រតិបត្តិការកងទ័ពជើងទឹកកាន់តែល្អប្រសើរ ៕