សម្តេចធិបតី ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសកងទ័ពរំដោះប្រជាជនចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រ និងរួមចំណែកអភិវឌ្ឍវិស័យការពារជាតិកម្ពុជា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនចិន ជាពិសេសកងទ័ពរំដោះប្រជាជនចិន ដែលតែង តែបានជួយឧបត្ថម្ភគាំទ្រ និងរួមចំណែកអភិវឌ្ឍវិស័យការពារជាតិកម្ពុជាជាបន្តបន្ទាប់
នៅក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនកម្ពុជា ចិន-ផែរាម នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាប្រពៃណីរវាងកងទ័ពនិងកងទ័ព ក៏ដូចជា ប្រជាជន និងប្រជាជនកម្ពុជា-ចិន។
សម្តេចធិបតី បន្តថា ការសម្រេចជាស្ថាពរនូវ ការធ្វើ ទំនើបកម្មមូលដ្ឋានសមុទ្ររាម និងការកសាងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម មិនត្រឹមតែបានឆ្លុះបញ្ចាំងពីកិច្ច- សហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងកងទ័ពនៃប្រទេសទាំងពីរ (កម្ពុជា-ចិន) ប៉ុណ្ណោះទេ គឺថែមទាំងជាការលើកកម្ពស់សមត្ថភាពការពារ ជាតិ របស់កម្ពុជា ក៏ដូចជា ការគិតគូរដល់ ផលប្រយោជន៍ជាតិ, ធានាសន្តិសុខជាតិ, សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ស្រប- តាមបាវចនានៃគោលដៅជាយុទ្ធសាស្ត្រលើវិស័យការពារជាតិរបស់ព្រះរាជាណាចក្រកម្ពុជា គឺ «សន្តិសុខ ការអភិវឌ្ឍ និង កិច្ចសហប្រតិបត្តិការ អន្តរជាតិ»៕