សម្តេចធិបតី ណែនាំក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការងារកែទម្រង់កងយោធពលខេមរភូមិន្ទ កសាង និង អភិវឌ្ឍធនធានមនុស្ស សម្ភារៈ និងមធ្យោបាយ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការងារកែទម្រង់កងយោធពលខេមរភូមិន្ទ កសាង និង អភិវឌ្ឍធនធានមនុស្ស សម្ភារៈ និងមធ្យោបាយបម្រើឱ្យវិស័យ ការពារជាតិ។
នៅក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនកម្ពុជា ចិន-ផែរាម នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើងថា ក្រសួងការពារជាតិ ត្រូវបន្តពង្រឹងការងារហ្វឹកហ្វឺន, រៀនសូត្រ, បណ្តុះបណ្តាល, កសាងប្រភពកម្លាំង ក្នុងជួរកងទ័ព ទាំងបរិមាណ និង គុណភាព, ដើម្បីបម្រើឱ្យវិស័យការពារជាតិ កាន់តែមានប្រសិទ្ធភាពខ្ពស់។ ជាពិសេស ចំពោះកងទ័ពជើងទឹក ត្រូវយកចិត្តទុកដាក់ដល់ការហ្វឹកហ្វឺន និងល្បាតក្នុងដែនទឹក និង តាមបណ្ដាកោះឆ្នេរ។
ជាមួយគ្នានេះ សម្តេចធិបតី ក៏បានណែនាំក្រសួងការពារជាតិ ត្រូវយកចិត្តទុកដាក់ដល់ការប្រើប្រាស់ធនធាន និងទ្រព្យសម្បត្តិរបស់អង្គភាព ក៏ដូចជាជំនួយរបស់ភាគីមិត្តឱ្យបានល្អ, ស្ថិរភាព និងមានប្រសិទ្ធភាព, ពោលគឺប្រើប្រាស់ និង គ្រប់គ្រង ថែរក្សាបច្ចេកទេស ទាំងកម្លាំង និង មធ្យោបាយ សម្ភារៈ យោធាបរិក្ខារ និង ស្បៀងអាហារឱ្យបានសមស្របទៅនឹងតម្រូវការជាក់ស្ដែង និងតាមជំនាញត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ហើយរក្សាបាននូវភាពគង់វង្ស និងគ្រប់គ្រាន់ ឆ្លើយតបទៅតាមសំណូមពរ និង តម្រូវការចាំបាច់ក្នុងវិស័យការពារជាតិ៕