សម្តេចធិបតី៖ អ្នកស្នេហាជាតិទាំងឡាយ គួរតែមានមោទនភាពសម្រាប់ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា អ្នកស្នេហាជាតិទាំងឡាយ គួរតែមានមោទនភាពសម្រាប់ការធ្វើទំនើបកម្មមូលដ្ឋានសមុទ្ររាម។
នៅក្នុងពិធីសម្ពោធសមិទ្ធផលទំនើបកម្មមូលដ្ឋានសមុទ្ររាម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនកម្ពុជា ចិន-ផែរាម នាព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានថ្លែងថា មានប្រទេសជាច្រើន មានមូលដ្ឋានកងទ័ពបរទេសនៅលើទឹកដីរបស់ពួកគេដោយបើកចំហរគ្មានបញ្ហា ចុះកម្ពុជាគ្រាន់តែធ្វើទំនើបកម្មមូលដ្ឋានទ័ពរបស់ខ្លួន ខុសដែរឬ?
សម្តេចធិបតីបានថ្លែងថា ការសម្ពោធសមិទ្ធផលទំនើបកម្ម និងមជ្ឈមណ្ឌលភស្តុភារ និងហ្វឹកហ្វឺនរួមគ្នាកម្ពុជា-ចិន ផែរាម នាព្រឹកថ្ងៃនេះ បានបង្ហាញការអភិវឌ្ឍនៅមូលដ្ឋានសមុទ្ររាមមិនមានអាថ៌កំបាំងនោះឡើយ។
ជាមួយគ្នានេះសម្តេចធិបតីនាយករដ្ឋមន្ត្រី បានប្រកាសបើកការស្វាគមន៍ប្រទេសជាមិត្តទាំងអស់ មកហ្វឹកហ្វឺននៅមូលដ្ឋានសមុទ្ររាម ហើយទៅថ្ងៃមុខកម្ពុជា នឹងមាននាវាចម្បាំងពីរគ្រឿងនាពេលខាងមុខ ដែលធ្វើឱ្យសមត្ថភាពប្រតិបត្តិការកងទ័ពជើងទឹកកាន់តែល្អប្រសើរ៕