កម្ពុជានឹងរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក ក្នុងពិព័រណ៍ពិភពលោក២០២៥ នៅប្រទេសជប៉ុន
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានឱ្យដឹងថា ប្រទេសជប៉ុន នឹងធ្វើជាម្ចាស់ផ្ទះទទួលរៀបចំពិព័រណ៍ពិភពលោក២០២៥ ក្រោមប្រធានបទ «រៀបចំសង្គមសម្រាប់អនាគតដើម្បីជីវិតរស់នៅ» ចាប់ពីថ្ងៃទី១៣មេសា ដល់ថ្ងៃទី១៣តុលា ឆ្នាំ២០២៥ ដែលមានប្រទេស១៥៨ រួមទាំងអង្គការអន្តរជាតិធំៗចំនួន៧ នឹងចូលរួមជាផ្លូវការពិព័រណ៍នេះ។
ក្រសួងពាណិជ្ជកម្ម គូសបញ្ជាក់ថា ក្នុងពិព័រណ៍នេះ កម្ពុជានឹងមានការរៀបចំតាំងផលិតផលខ្មែរ និងមានសាងសង់រំលេចអំពី «ប្រាសាទកោះកេរ» ដែលបង្ហាញពីស្នាដៃស្ថាបត្យកម្ម និងសិល្បបុរាណខ្មែរដ៏ល្អឯក។ លើសពីនេះ ក៏មានរូបសំណាកសត្វគោព្រៃដែលជាសត្វតំណាងជាតិ និងជីវចម្រុះដែលជានិមិត្តរូបនៃឧត្តមភាពដ៏សម្បូរបែបនៃធនធានធម្មជាតិរបស់កម្ពុជា។ ក្នុងនោះអមដោយការសាងសង់ថែវប្រាសាទអង្គរវត្តនៅផ្នែកខាងឆ្វេង ដោយបានរំលេចផ្ទាំងទស្សនីយភាពកូរសមុទ្រទឹកដោះនៅលើជញ្ជាំងថែវខាងកើតនៃប្រាសាទ និងនៅខាងស្តាំមានសំណង់ផ្ទះខ្មែរធ្វើអំពីឫស្សី។
លើសពីនេះ នៅចំណុចកណ្តាលមានរៀបចំឱ្យមានជាទិដ្ឋភាពវាលស្រែ ដែលស្តែងឱ្យឃើញពីសក្តានុពលកសិកម្ម និងផលិតផលអង្ករដ៏មានឱជារសរបស់កម្ពុជា។ ក្រសួងបន្ថែមថា ពិព័រណ៍ពិភពលោកនៅប្រទេសជប៉ុន នឹងផ្តល់ឱកាសឱ្យកម្ពុជាផ្សព្វផ្សាយពីផលិតផលដែលមានសក្តានុពលសម្រាប់ការនាំចេញ និងផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាដល់ប្រជាជនជប៉ុន និងភ្ញៀវដែលចូលមកទស្សនាពិព័រណ៍៕