ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត
តូក្យូ៖ កាលពីថ្ងៃសុក្រទី៤ ខែមេសា មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិបានឱ្យដឹងថា ជប៉ុនអាចបាត់បង់សក្តានុពលនៃការនាំចេញរថយន្តចំនួន១៧ ពាន់លានដុល្លារ បន្ទាប់ពីការសម្រេចចិត្តរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ក្នុងការដំឡើងពន្ធ២៥ ភាគរយលើវិស័យរថយន្ត។
លោសស្រី ជូលៀ ស្ប៉ាយ (Julia Spies) ប្រធានផ្នែកពាណិជ្ជកម្ម និងទីផ្សារនៃមជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិ បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖«វិស័យរថយន្តរបស់ប្រទេសជប៉ុនរួមចំណែក២០ ភាគរយនៃការនាំចេញសរុបរបស់ប្រទេស ហើយការនាំចេញភាគច្រើនត្រូវបានឆ្ពោះទៅទីផ្សារសហរដ្ឋអាម៉េរិក។ ឥឡូវនេះ ពន្ធ២៥ ភាគរយលើវិស័យដែលបានចូលជាធរមានកាលពីពេលថ្មីៗមានន័យថា ជប៉ុនអាចបាត់បង់សក្តានុពលនាំចេញចំនួន១៧ ពាន់លានដុល្លារនៅក្នុងសហរដ្ឋអាម៉េរិក។ នេះបើយោងតាមការគណនារបស់យើង»។
រដ្ឋបាលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានបញ្ជាក់ថា ពន្ធលើរថយន្ត និងរថយន្តដឹកទំនិញទូទាំងពិភពលោក២៥ ភាគរយរបស់លោកនឹងចូលជាធរមានដូចដែលបានគ្រោងទុកនៅថ្ងៃព្រហស្បតិ៍ទី១០ ខែមេសា ហើយពន្ធលើការនាំចូលគ្រឿងបន្លាស់រថយន្តនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី៣ ខែឧសភា។ ពន្ធគយគ្របដណ្ដប់លើការនាំចូលយានយន្ត និងគ្រឿងបន្លាស់រថយន្តមានតម្លៃជាង៤៦០ ពាន់លានដុល្លារជារៀងរាល់ឆ្នាំ។ នេះបើយោងតាមការវិភាគរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ទីភ្នាក់ងារពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិ បានបង្ហាញថា ស្លូវ៉ាគី ជប៉ុន និងហុងឌូរ៉ាស គឺជាប្រទេសមួយចំនួនដែលប្រឈមនឹងការយកពន្ធខ្ពស់របស់សហរដ្ឋអាម៉េរិកលើរថយន្ត។ ទីផ្សារសហរដ្ឋអាម៉េរិកតំណាងឱ្យចំណែកដ៏ធំនៃបណ្តាប្រទេសទាំងនេះនាំចេញរថយន្ត។
មជ្ឈមណ្ឌលពាណិជ្ជកម្មអន្តរជាតិបានបញ្ជាក់ថា ជប៉ុនអាចស្វែងរកការធ្វើពិពិធកម្មទិសដៅនាំចេញរបស់ខ្លួនសម្រាប់យានយន្ត។យោងតាមក្រុមហ៊ុនស្រាវជ្រាវ GlobalData ស្ទើរតែពាក់កណ្តាលនៃរថយន្តដែលបានលក់កាលពីឆ្នាំមុននៅក្នុងសហរដ្ឋអាម៉េរិក ដែលជាប្រទេសនាំចូលរថយន្តធំជាងគេរបស់ពិភពលោក ត្រូវបាននាំយកមកពីបរទេស។ គួរបញ្ជាក់ថា ទីភ្នាក់ងារពាណិជ្ជកម្មរបស់អង្គការសហប្រជាជាតិគឺជាទីភ្នាក់ងាររួមរបស់អង្គការពាណិជ្ជកម្មពិភពលោក និងអង្គការសហប្រជាជាតិ។ គោលដៅរបស់ទីភ្នាក់ងារនេះគឺដើម្បីជួយប្រទេសកំពុងអភិវឌ្ឍ និងអន្តរកាលសម្រេចបានការអភិវឌ្ឍមនុស្សប្រកបដោយនិរន្តរភាពតាមរយៈការនាំចេញ៕