ឯកឧត្តម វ៉ា ថន ជួបសំណេះសំណាលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ រដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ ព.ស.២៥៦៩ នាពេលខាងមុខ
ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៥ នៅសាលប្រជុំមេគង្គសាលាខេត្ត ឯកឧត្តម វ៉ា ថន អភិបាល នៃគណៈអភិបាលខេត្តក្រចេះ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា នៃរដ្ឋបាលខេត្តក្រចេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នាពេលខាងមុខ។
ដោយមានការចូលរួម ពីសំណាក់ លោក លោកស្រី អភិបាលរងខេត្ត លោក-លោកស្រី នាយក-នាយករងរដ្ឋបាលសាលាខេត្ត នាយក-នាយករងទីចាត់ការ ប្រធាន អនុប្រធាន អង្គភាព ប្រធាន-អនុប្រធានការិយាល័យ មន្ត្រីរាជការ កងកម្លាំងនគរបាលការពារ និងមន្រ្តីជាប់កិច្ចសន្យាសាលាខេត្ត។
ឯកឧត្តម វ៉ា ថន អភិបាលខេត្ត ក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ជូនចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃរដ្ឋបាលខេត្តក្រចេះទាំងអស់ ដែលបានខិតខំបំពេញការងារកន្លងមក ប្រកបដោយស្មារតីទំនួលខុសត្រូវខ្ពស់ និងសូមបន្តខិតខំពង្រឹងការស្នូលទៅតាមការិយាល័យរៀងខ្លួន និងបន្តពង្រឹងសហការសាមគ្គីភាពផ្ទៃក្នុង សំដៅពង្រឹងនិងពង្រីកប្រសិទ្ធភាពផ្តល់សេវាសាធារណ: ជូនប្រជាពលរដ្ឋ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល និងត្រូវបន្តការងារចុះមូលដ្ឋាន ដើម្បីផ្សារភ្ជាប់ទៅនឹងសុខទុក្ខ ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយនូវរាល់បញ្ហា និងគាំទ្រនូវសកម្មភាពការប្រកបមុខរបរប្រចាំថ្ងៃ ប្រកបដោយជំនឿទំនុកចិត្ត និងភាពស្ងប់ចិត្ត ៕