នាយឧត្តមសេនីយ៍ ស ថេត អញ្ជើញសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែន ប្រចាំទិសភូមិភាគទី៣
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនប្រចាំទិសភូមិភាគទី៣ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។ ពិធីនេះ ត្រូវបានធ្វើឡើងនៅទីបញ្ជាការវរសេនាតូចការពារព្រំដែនទឹកលេខ២៤១ ស្ថិតក្នុងក្រុងបូកគោ ខេត្តកំពត។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់កងកម្លាំងនគរបាលការពារព្រំដែនទាំងអស់ ដែលកំពុងឈរជើងការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ សូមមានសុខភាពល្អ បំពេញភារកិច្ចសម្រេចដោយជោគជ័យជូនប្រទេសជាតិមាតុភូមិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ឯកភាពតាមរបាយការណ៍របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងរក្សាបានសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ពិសេសភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ក្នុងនាមកងកម្លាំងនគរបាលជាតិ ត្រូវស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជាវិជ្ជាជីវៈរបស់ខ្លួន ក្នុងការបម្រើប្រជាពលរដ្ឋ និងមានសាមគ្គីភាពផ្ទៃក្នុង បង្កើនការយកចិត្តទុកដាក់លើកទឹកចិត្តផ្តល់រង្វាន់ចំពោះមន្ដ្រីមានស្នាដៃ ចំពោះមន្ដ្រីប្រព្រឹត្តខុសត្រូវអនុវត្តតាមវិន័យកងកម្លាំង ក្នុងករណីធ្ងន់ធ្ងរត្រូវអនុវត្តតាមច្បាប់ជាធរមាន ទន្ទឹមនោះត្រូវបង្កើនយកចិត្តទុកដាក់ចំពោះមន្រ្តីមានជំងឺឈឺថ្កាត់ ត្រូវចាត់តំណាង ឬក៏ចុះសួរសុខទុក្ខដោយផ្ទាល់។
បន្ថែមពីនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ក៏បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាន និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលពាក់ព័ន្ធ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យពង្រឹង និងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្ត ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។
ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានណែនាំឲ្យស្នងការនគរបាលរាជធានី-ខេត្ត ត្រូវត្រៀមលក្ខណៈសម្បត្តិឲ្យបានគ្រប់គ្រាន់ ដើម្បីរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលខាងមុខ ទន្ទឹមនោះបណ្តាអង្គភាពជំនាញត្រូវពង្រឹងសមត្ថភាព ក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបនូវរាល់បទល្មើសគ្រប់ប្រភេទ ពិសេសក្មេងទំនើង និងបទល្មើសគ្រឿងញៀន សំដៅរក្សាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ និងសង្គមជាតិ ៕