ការរៀបចំមុខងារមន្ទីរពិសោធន៍ និងមុខងារគ្រឹះស្ថានបណ្តុះបណ្តាល របស់ក្រសួង ស្ថាប័ននានា ជាកិច្ចការដែលបានរកឃើញ និងកំពុងបន្តពិភាក្សា
ភ្នំពេញ៖ ក្រោយបានសហការជាមួយក្រសួង ស្ថាប័ន លើការងារពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធ ក្រសួង ស្ថាប័ន ជាបន្តបន្ទាប់កន្លងមក ក្រុមការងារបច្ចេកទេស ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ បានរកឃើញថា ក្នុងពេលបច្ចុប្បន្ន មុខងារមន្ទីរពិសោធន៍ និងមុខងារគ្រឹះស្ថានបណ្តុះបណ្តាល មានភាពប្រទាក់ក្រឡាគ្នា ដែលតម្រូវឱ្យមានការពិភាក្សា និងកែលម្អ ព្រមទាំងពង្រឹងប្រសិទ្ធភាពប្រតិបត្តិការបន្ថែមទៀត ឈរលើអភិក្រម «រៀបចំផ្ទះឱ្យរៀបរយ»។ ក្នុងគោលដៅនេះ ក្រសួងមុខងារសាធារណៈក្នុងនាមជាលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានរៀបចំសម្របសម្រួលកិច្ចប្រជុំនានា ដើម្បីអនុញ្ញាតឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលមានមន្ទីរពិសោធន៍ ឬគ្រឹះស្ថានបណ្តុះបណ្តាលក្រោមឱវាទ បានពិភាក្សា ផ្លាស់ប្តូរយោបល់ ធ្វើយ៉ាងណា រៀបចំមុខងារទាំងនេះឱ្យកាន់តែមានភាពច្បាស់លាស់ និងប្រកបដោយប្រសិទ្ធភាព តាមវិស័យនីមួយៗ និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែប្រសើរ។
កិច្ចប្រជុំជាបន្តបន្ទាប់កន្លងមកត្រូវបានដឹកនាំសម្របសម្រួលដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន អង្គភាព ពាក់ព័ន្ធនានា ក្នុងគោលដៅប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីរៀបចំជារបាយការណ៍ដាក់ជូនថ្នាក់ដឹកនាំពិនិត្យ និងផ្តល់អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ ៕