នាយឧត្តមសេនីយ៍ ម៉ៅ ហាវណ្ណាល់ ចុះសួរសុខទុក្ខ និងចែកអំណោយជូន នាយទាហាន ពលទាហាន កងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ នាព្រឹកថ្ងៃអាទិត្យ ៩កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានដឹកនាំគណៈប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយជូន នាយទាហាន ពលទាហាន ក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅអង្គភាពកងការពារព្រំដែនលេខ៥០៤ យោធភូមិភាគទី៥ ស្ថិតក្នុងភូមិសាស្ត្រស្រែម្អម ភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលអង្គភាពនេះ មានសម្ព័ន្ធមេត្រីភាពជាមួយ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល និងសណ្ឋាគារឯករាជ្យ។
ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ បានមានប្រសាសន៍លើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរខ្ពស់ពីសុខទុក្ខ និងជីវភាពរស់នៅ របស់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារព្រំដែនគ្រប់ពេលវេលា និងបានផ្តាំផ្ញើ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវពង្រឹងគោលជំហរឱ្យបានរឹងមាំ ដោយគោរពវិន័យ និងបទបញ្ជារបស់ថ្នាក់លើឱ្យបានខ្ជាប់ខ្ជួន ដើម្បីពង្រឹងកិច្ចការពារបូរណៈភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជាយើង កុំឱ្យខ្មាំងសត្រូវចូលឈ្លានពានបានជាដាច់ខាត ជាពិសេសត្រូវពង្រឹងសាមគ្គីភាព ឯកភាពគ្នាឱ្យបានល្អ ទន្ទឹមនេះកងកម្លាំងការពារព្រំដែនត្រូវមានកិច្ចសហប្រតិបត្តិការជាមួយភាគីថៃ ឱ្យបានល្អថែមទៀត ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមព្រំដែន ធ្វើយ៉ាងណាឱ្យព្រំដែនមួយមានសន្តិភាព និងមានការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ។
លោកវរៈសេនីយ៍ឯក យ៉យ ស៊ីដូ មេបញ្ជាការកងការពារព្រំដែនលេខ៥០៤ បានមានប្រសាសន៍ថ្លែងអំណរគុណ ដល់គណៈប្រតិភូ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដែលតែងតែយកចិត្តទុកដាក់ចុះសាកសួរសុខទុក្ខ និងឧបត្ថម្ភដល់កម្លាំង កងការពារព្រំដែនគោក៥០៤ ជាបន្តបន្ទាប់។
សូមបញ្ជាក់ថា នាឱកាសនោះដែរគណៈប្រតិភូ បានឧបត្ថម្ភ ជូនដល់អង្គភាពកងការពារព្រំដែនលេខ៥០៤ រួមមាន៖ អង្ករ, ទឹកត្រី, ទឹកស៊ីអ៊ីវ, មីយើង និងគ្រឿងឧបភោគ បរិភោគផ្សេងៗទៀត ព្រមទាំងឧបត្ថម្ភថវិកាដល់នាយទាហាន នាយទាហានរង និងពលទាហាន ក៍ដូចជាអង្គភាពការពារព្រំដែនលេខ៥០៤ ៕