រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធីក្រុងពាលី សម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវស្ពានអាកាស “មរតកតេជោ”
ភ្នំពេញ៖ នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំពិធីក្រុងពាលី សម្ពោធដាក់ឱ្យប្រេីប្រាស់ជាផ្លូវការនូវស្ពានអាកាស “មរតកតេជោ” ស្ថិតនៅចំណុចប្រសព្វរវាង មហាវិថីសម្ដេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) មហាវិថីព្រះមុនីវង្ស និងមហាវិថី កងយោធពលខេមរភូមិន្ទ ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ។
ពិធីក្រុងពាលីនេះដែរ ធ្វេីឡេីងក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកជំទាវ ជា សុីណា ឃួង ស្រេង។
ពិធីក្រុងពាលីជាប្រពៃណីទំនៀមទំលាប់ដែលដូនតាខ្មែរតែងតែរៀបចំធ្វើឡើងនៅមុនពិធីសម្ពោធសមិទ្ធិផលថ្មីៗដែលទើបបានកសាងឡើងបានរួចរាល់ ដែលចង់ប្រាប់និងឧទ្ទិសដល់ម្ចាស់ទឹកម្ចាស់ដីឪ្យិជួយបីបាច់ថែរក្សាអ្នកប្រើប្រាស់ សមិទ្ធិផលថ្មីនេះឲ្យិមានក្តីសុខសប្បាយ។
ស្ពានអាកាសមរតកតេជោប្រសព្វរវាងមហាវិថីព្រៈមុនីវង្ស,មហាវិថីសម្តេចតេជោហ៊ុន សែន និងមហាវិថីយោធពលខេមរភូមិ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមនដែលជាស្ពានអាកាសកំពស់២ជាន់លើកដំបូងនៅកម្ពុជា។
លោកស្រី ដោ សម្ផស្ស នាយិការងនិងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឪ្យដឹងថា ស្ពានអាកាសមរតកតេជោ នឹងជួយកាត់បន្ថយការចំណាយពេលវេលាក្នុងការធ្វើដំណើរ,សម្រួលលំហូរចរាចរធ្វើឪ្យិប្រជាពលរដ្ឋងាយស្រួលក្នុងការធ្វើដំណើរទៅមក ពិសេសពេលមានបុណ្យទានធំៗមានបុណ្យភ្ជុំបិណ្ឌ, បុណ្យចូលឆ្នាំ, បុណ្យអុំទូកជាដើម។
ស្ពានមរតកតេជោ នឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាថ្ងៃទី៧មេសា ឆ្នាំ២០២៥ស្អែកនេះ ទៅតាមការគ្រោងទុកក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទ័មុនី ៕