ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រំលឹកពីគំរូវីរភាពរបស់សម្តេចតេជោ ហើយផ្តាំផ្ញើដល់និស្សិត និងយុវជន ដកស្រង់បទពិសោធន៍ហើយទាញយកជាមេរៀនជីវិត ឆ្ពោះទៅចាប់យកអនាគតដ៏ជោគជ័យមួយ
ភ្នំពេញ៖ ក្នុងពិធីប្រគេន និងប្រគល់វិញ្ញាបនបត្រដល់សមណនិស្សិត និស្សិត ជំនាន់ទី២ នៃសាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ចំនួន៤០០នាក់ នៅវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតក្នុងភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានរំលឹកពីគំរូវីរភាពបទពិសោធន៍នៃការតស៊ូរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីកូនកសិករមួយរូបរហូតក្លាយជានាយករដ្ឋមន្ត្រី។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ថ្លែងបែបនេះ គឺក្នុងគោលបំណងមិនឱ្យយុវជនបោះបង់ក្ដីសង្ឃឹមចំពោះអនាគតរបស់ខ្លួន ប៉ុន្តែត្រូវមានការតស៊ូ និងដុសខាត់សមត្ថភាពជាប្រចាំ ដែលជាទុនសម្រាប់អនាគត ដែលផ្ដល់ឱ្យខ្លួននិងគ្រួសារ នូវកិត្តិយស ក៏ដូចជាការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិខ្មែរយើង។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្ថែមថា បើមិនគិតពីតួនាទីជាអតីតនាយករដ្ឋមន្ត្រី និងប្រធានព្រឹទ្ធសភានាពេលបច្ចុប្បន្ន សម្តេចតេជោ ហ៊ុន សែន គឺជាកូនខ្មែរមួយរូប ដូចកូនខ្មែរទូទៅភាគច្រើនដែរ ដែលបានកើតក្នុងគ្រួសារដែលមានឪពុកម្ដាយជាកសិករ នៅឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បន្តថា សម្ដេចតេជោ បានឆ្លងកាត់ការតស៊ូដោយបានលះបង់យុវភាពនៅលើសមរភូមិ និងការផ្សងព្រេងគ្រោះថ្នាក់រាប់មិនអស់ ក្នុងដំណើរសង្គ្រោះប្រទេសនិងប្រជាជនពីរបបវាលពិឃាដខ្មែរក្រហម ការស្វែងរកសុខសន្តិភាព ស្ថិរភាពនយោបាយ ក្នុងបរិបទប្រទេសញាំញីដោយភ្លើងសង្គ្រាម រហូតប្រទេសទទួលបានសុខសន្តិភាពពេញលេញ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ក្រោមនយោបាយឈ្នះ-ឈ្នះ។
វីរភាពនៃការតស៊ូព្យាយាមពោរពេញដោយទឹកចិត្តស្នេហាជាតិរបស់សម្ដេចតេជោ និងអ្នកដឹកនាំជំនាន់មុន ដែលសុទ្ធសឹងជាកូនកសិករ បានផ្ដល់នូវបទពិសោធន៍នៃការតស៊ូជម្នះឧបសគ្គធំៗនៅក្នុងប្រវត្តិសាស្ត្រកម្ពុជាក្នុងបរិបទសង្គ្រាម និងស្ថានភាពនៃការចាប់ផ្ដើមការកសាងប្រទេសពីមិនមានអ្វីសោះ រហូតយើងមានអ្វីៗដូចសព្វថ្ងៃ ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី បន្ថែម។
ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យកូនខ្មែរទាំងអស់រួមកម្លាំងគ្នា សាមគ្គីគ្នា ដើម្បីបន្តកសាងសង្គមខ្មែរ ឱ្យកាន់តែមានវិបុលភាព និងការរីកចម្រើនបន្តថ្មីៗថែមទៀត ៕