សម្តេចធិបតី អំពាវនាវដល់បណ្ដាជាងម៉ៅការសំណង់ សូមកុំធ្វើសំណង់ខ្វះគុណភាព ឬកិបកេង
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពាវនាវដល់បណ្ដាជាងម៉ៅការសំណង់នានា សូមកុំធ្វើសំណង់ខ្វះគុណភាព ឬកិបកេង ដើម្បីធ្វើឱ្យរួចប្រញាប់លក់ចេញហើយសំណង់ខ្វះគុណភាព។
ក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស «មរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី បានលើកឡើងថា សម្ដេចនឹងពិនិត្យមើល ដោយផ្ទាល់បន្ថែមទៀតជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីធានាឱ្យបានគុណភាពសំណង់ដែលមានគុណភាព។
សម្ដេចធិបតី ក៏បានណែនាំដល់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបង្កើតក្រុមការងារត្រួតពិនិត្យ និងតាមដានឱ្យបានជាប់ជាប្រចាំចំពោះគុណភាពសំណង់ និងថែរក្សាសំណង់ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធនានារបស់រដ្ឋក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់។
នៅក្នុងឳកាសនោះសម្ដេចធិបតី បានណែនាំដល់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, គណៈកម្មាធិការ ជាតិ គ្រប់គ្រង គ្រោះមហន្តរាយ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវពិនិត្យឱ្យបានម៉ត់ចត់លើការរៀបចំសំណង់ ជាពិសេសសំណង់ខ្ពស់ ដោយគិតគូរទៅលើគុណភាពនៃសំណង់ ក្រៅពីនេះ ត្រូវពិនិត្យមើលអគារចាស់ៗនៅក្នុងទីក្រុងហើយចុះដោះស្រាយកុំឱ្យមានបញ្ហាកើតឡើង ខណៈប្រទេសក្នុងតំបន់កំពុងរងគ្រោះព្រោះរញ្ជួយដី៕