សម្តេចធិបតី ណែនាំអាជ្ញាធររួមគ្នា ពិនិត្យទីតាំងលេងបាញ់ ឬជះទឹកនៅថ្ងៃចូលឆ្នាំខ្មែរ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យអាជ្ញាធរមាននៅតាមមូលដ្ឋាននានារួមគ្នាពិនិត្យទីតាំងលេងបាញ់ ឬជះទឹកនៅថ្ងៃ ចូលឆ្នាំខ្មែរ ដើម្បីធ្វើយ៉ាងណាលេង កុំឲ្យមានគ្រោះថ្នាក់ ដល់ខ្លួននិងអ្នកដទៃ។
ក្នុងឳកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស «មរតកតេជោ» នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឲ្យពលរដ្ឋ ចូលរួមលេងល្បែង ប្រជាប្រិយខ្មែរ ឲ្យបានច្រើនកុះករផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៨ គ.ស ២០២៥ ខាងមុខនេះ គឺនឹងប្រព្រឹត្តិទៅរយៈពេល ៣ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១៤-១៥និង ១៦ ខែមេសា ឆ្នាំ២០២៥ ដោយមានទេពធីតា ព្រះនាម ព្រះនាមគោរាគៈទេវី ជាបុត្រីទី២នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនៅព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប អភរណទ្រង់ពាក់ កែវមុតាភក្សាហារទ្រង់តេលំ(ប្រេង) ព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់ឈើច្រត់ទ្រង់ផ្ទំបិទព្រះនេត្រលើខ្នងស្ដេចខ្លា ជាពាហនៈ៕