រដ្ឋសភា រៀបចំពិធីសូត្រមន្ត បង្សុកូល និងមានការសម្តែងរបាំត្រុដិ អបអរសាទរឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
ភ្នំពេញ៖ ខណៈដែលថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នឹងឈានចូលមកដល់ឆាប់ៗនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១០កើត ខែចេត្រ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសូត្រមន្ត រាប់បាត្រព្រះសង្ឃ បង្សុកូល តាមគន្លងព្រះពុទ្ធសាសនា ដើម្បីអបអរសារទរឆ្នាំថ្មីដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខឆាប់ៗនេះ។
ពិធីនេះរៀបចំដោយ អគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភាយ៉ាងច្រើនកុះករ នៅវិមានរដ្ឋសភា។
បន្ទាប់ពីមានការសម្តែងរបាំត្រុដិ ដើម្បីដេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ នាំសិរីសួស្តីឆ្នាំថ្មីកើតមានដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋទូទំាងប្រទេសរួចមក ក៏មានរៀបចំពិធីតាមបែបព្រះពុទ្ធសាសនា សុំសេចក្តីសុខសេចក្តីចម្រើន និងឧទ្ទិសកុសលផលបុណ្យ ជូនដល់បុព្វការីជន ក្នុងឱកាស ឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ នេះ។
នៅក្នុងឱកាសដ៏សប្បាយរីករាយ ជាមួយសទ្ធាជ្រះថ្លាជាទីបំផុតនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការអរគុណចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងអស់ ដែលបានខិតខំបំពេញការងារបម្រើស្ថាប័នក្នុងរយៈពេលកន្លងមក។
សម្តេចរដ្ឋសភាធិបតី ក៏បានបួងសួង សូមឱ្យទេវតាឆ្នាំថ្មី ព្រះនាង គោរាគៈទេវី តាមជួយថែរក្សាបីបាច់មន្រ្តីរាជការទំាងអស់ សូមប្រកបតែសេចក្តីសុខ សេចក្តីចម្រើន និងជួបប្រទះតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា នៅវេលារសៀលថ្ងៃដដែលនេះដែរ រដ្ឋសភា ក៏នឹងមានរៀបចំពិធីសែនព្រេន បង្សុកូល ឧទ្ទិសកុសល ជូនចំពោះដួងវិញាណក្ខន្ធតំណាងរាស្ត្រ ដែលធ្លាប់បានបំពេញការងារជាសមាជិករដ្ឋសភា ចាប់តាំងពីការកកើតរដ្ឋសភាដំបូងរហូតមកដល់បច្ចុប្បន្ន និងដែលបានចែកឋានទៅទាំងអស់ ដើម្បីសូមឲ្យដួងវិញាណក្ខន្ធបុព្វតំណាងរាស្ត្រទាំងអស់នោះ បានទៅសោយសុខក្នុងសុគតិភពកុំបីអាក់ខានឡើយ ៕