ទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធកម្ពុជាខេត្តតាកែវ ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធកម្ពុជាខេត្ត ឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥។
ពិធីនេះធ្វើឡើងនាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ហើយក៏មានការអញ្ជើញចូលរួមដោយ ឯកឧត្តម យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង លោក លោកស្រី អភិបាលរងខេត្ត កងកម្លាំងទាំងបី លោក លោក ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និង លោកអធិការនគរបាលស្រុកក្រុង លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថស្រុកក្រុង លោកមេបញ្ជាការផ្នែកសឹករងស្រុកក្រុង និងលោកមេឃុំចៅសង្កាត់ចូលរួមផងដែរ ។
បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងបូកសរុបលទ្ធផលការងារ គ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធកម្ពុជាខេត្តតាកែវ ឆ្នាំ២០២៤ របស់ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត រួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារ ដ៏ល្អប្រសើរ គួរជាទីមោទនៈ ដែលគណៈកម្មា ធិការគ្រប់គ្រងគ្រោះមហន្តរាយ និងសមាគមអតីតយុទ្ធជន គ្រប់លំដាប់ ថ្នាក់ សម្រេចបានក្នុងឆ្នាំ២០២៤ កន្លងមកនេះ ដែលជាលទ្ធផលកើតចេញ ពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ និងកិច្ចសហការល្អពីគ្រប់សមាសភាពពាក់ព័ន្ធ ជាកម្លាំងសរុប ក្នុងការបម្រើផលប្រយោជន៍ សេចក្ដីត្រូវការ និងការរីកចម្រើនក្នុងជីវភាពរស់នៅរបស់បងប្អូន អតីត យុទ្ធជន និងប្រជាពលរដ្ឋរបស់យើង។
ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម មានប្រសាសន៍ថា អស់រយៈពេលជាង ១៧ឆ្នាំមកហើយ ដែលសមាគមអតីតយុទ្ធជន កម្ពុជា ត្រូវបានបង្កើតឡើង ដោយគំនិតផ្តួចផ្តើម ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគម អតីតយុទ្ធជនកម្ពុជា ជាអតីតនាយករដ្ឋមន្រ្តីដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត ធ្វើឲ្យប្រទេសជាតិមាន សុខសន្តិភាព មានស្ថិរភាពនយោបាយ មានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិសយ័ និងមានកិត្យានុភាព ល្បីរន្ទឺនៅលើឆាកអន្តរជាតិ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា ក្នុងន័យនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជា អនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជានិច្ចកាលតែង បានចុះជួបផ្ទាល់ ជាមួយបងប្អូនអតីតយុទ្ធជននៅមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងការលំបាករបស់បងប្អូន ហើយបានរិះរកគ្រប់មធ្យោបាយ ដើម្បីជួយលើកស្ទួយជីវភាព អតីតយុទ្ធជនឱ្យ ទទួលបាននូវ អត្ថប្រយោជន៍ជាច្រើន ដោយបានកែប្រែជីវភាពរស់នៅកាន់តែល្អប្រសើរឡើង។
ទន្ទឹមនោះឯកឧត្តមបានផ្តាំផ្ញើឲ្យលោក លោកស្រី មេឃុំ ចៅសង្កាត់ជាប្រធានកិត្តិយស និង លោកប្រធានប៉ុស្តិ៍រដ្ឋបាល ជាប្រធានសាខា ឃុំ សង្កាត់ ត្រូវបន្តធ្វើអំពើល្អ ហើយខិតខំសហការ និងបង្កគ្រប់លទ្ធភាព ឲ្យបងប្អូនអតីតយុទ្ធជនយើង បានទទួលនូវសេវាសាធារណៈផ្សេងៗ៕