ប្រតិភូអង្ភភាពប្រឆាំងអំពើពុករលួយ ចុះជួបសំណេះសំណាល សាកសួរសុខទុក្ខទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ អបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ប្រតិភូដឹកនាំដោយ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មការជាតិប្រឆាំងភេរវកម្ម បានអញ្ជើញចុះសួរសុខទុក្ខ នឹងសំណេះសំណាល ជាមួយនាយទាហាន និងពលទាហាន កងពលធំអន្តរាគមន៍លេខ៣។
ក្នុងពិធីនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ បានអានរបាយការណ៍ ស្វាគមន៍ និងរាយការណ៍ អំពីស្ថានភាពទូទៅនៅតាមបន្ទាត់ព្រំដែន កម្ពុជា- ថៃ -ឡាវ បច្ចុប្បន្ន មានស្ថានភាពស្ងប់ស្ងាត់ ជាធម្មតា និងរាយការណ៍ អំពីការអភិវឌ្ឍន៍ និងសមិទ្ធផលនានា ដែលបានកសាងរួច និងកំពុងតែបន្តរកសាង ក្នុងទីបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣ ដែលទទួលបានពីការឧបត្ថម្ភរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព។
ឯកឧត្តម បានបន្តទៀតថា អង្គភាពប្រឆាំងអំពើពុករលួយ ជាអង្គភាពសម្ព័ន្ធមេត្រីភាពមួយ ដែលជានិច្ចកាល តែងបានយកចិត្តទុកដាក់រួមសុខ រួមទុក្ខ និងបានគិតគូរពីសុខទុក្ខលំបាក គ្រប់បែបយ៉ាងដល់នាយទាហាន ពលទាហាន ដែលកំពុងឈរជើងការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែនជួរមុខ ជាប់ជាប្រចាំ ព្រមទាំងបានចូលរួមចំណែក ជួយឧបត្ថម្ភគាំទ្រ យ៉ាងច្រើនទាំងស្មារតី សម្ភារបរិក្ខា គ្រឿងឧបភោគបរិភោគ ក៏ដូចជាថវិកាសម្រាប់កសាងអង្គភាព និងថវិកាសម្រាប់ចែកដល់ដៃកងទ័ព ជាដើម ចាប់តាំងពីពេលចងសម្ព័ន្ធមេត្រីភាព តាំងពីឆ្នាំ២០១២ រហូតមកដល់បច្ចុប្បន្ន និងបានបន្សល់ទុកនៅសមិទ្ធផលធំៗជាច្រើន សម្រាប់ទីបញ្ជាការ និងទីបញ្ជាការស្រាល កងពលធំអន្តរាគមន៍លេខ៣ ជាពិសេស គឺការកសាងសាលាហ្វឹកហ្វឺន ដែលជាថ្នាល់បណ្តុះបណ្តាលវិជ្ជាជីវៈដ៍សំខាន់ សម្រាប់បណ្តុះបណ្តាលចំណេះជំនាញ ដល់នាយ និងពលទាហានគ្រប់ជំនាន់ ឲ្យយល់ដឹងពីវិន័យសណ្តាប់ធ្នាប់ និងយុទ្ធវិធីផ្សេងៗក្នុងវិស័យកងទ័ព នៃកងយោធពលខេមរភូមិន្ទ។
នាឱកាសនោះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មការជាតិប្រឆាំងភេរវកម្ម បានសំដែងនូវមនោសញ្ចេតនារីករាយអបអរសារទរជាមួយ មេបញ្ជាការ មេបញ្ជាការរង និងពលទាហានទាំងអស់ នៃកងពលធំអន្តរាគមន៍លេខ៣ និងសំដែងនូវការកោតសរសើរដោយស្មោះចំពោះសកម្មភាពដ៍រស់រវើកនិងស្មោះត្រង់រួមចំណែកអភិវឌ្ឍន៍កម្ពុជានាពេលកន្លងមកនេះ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មោះមុត មានវិនយ័ សេចក្តីថ្លៃថ្នូរ ហើយនូវគ្រប់កាលៈទេសៈតែងតែទ្រទ្រង់ការពារបានយ៉ាងរឹងមាំ នូវបូរណភាពទឹកដី និងចូលរួមចំណែកថែរក្សាសុខសន្តិភាព ស្ថិរភាពជាតិ និងសណ្តាប់ធ្នាប់សង្គម សាកសមជាទីពឹងរបស់ប្រជាជន និងសង្គមជាតិទាំងមូល។
ឯកឧត្តុម បានបន្តទៀតថា កម្លាំងកងពលធំអន្តរាគមន៍លេខ៣ គឺជាកម្លាំង ជាស្នូលមួយក្នុងការការពារបូរណភាពទឹកដីនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ-ឡាវ និងជាកម្លាំងរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសង្គមដ៏ល្អ ដែលមិនអាចខ្វះបាន។
នៅក្នុងពិធីចុះសំណេះសំណាលនិងសួរសុខទុក្ខដល់នាយទាហាន និងពលទាហាន នាឱកាសនោះ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ និងជាអនុប្រធានលេខាធិការដ្ឋាន គណៈកម្មការជាតិប្រឆាំងភេរវកម្ម ព្រមទាំងក្រុមការងារ បាននាំយក នៅសម្ភារៈគ្រឿងឧបភោគបរិភោគ មួយចំនួនធំ រួមទាំងថវិកាមួយចំនួន ដើម្បីចែកជូន ដល់នាយហាន និងពលទាហាន ដើម្បីអបអរសាទរក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ៕