គណៈប្រតិភូក្រុមសមាជិករដ្ឋសភាវ័យក្មេង ចូលគោរពជូនពរ សម្តេចប្រធានរដ្ឋសភា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់ក្នុងពេលខាងមុខ គណៈប្រតិភូក្រុម សមាជិក រដ្ឋសភា វ័យក្មេង នៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធានក្រុមសមាជិករដ្ឋសភាវ័យក្មេង នៃរដ្ឋសភា និងជាប្រធានគណ:កម្មការទី៥ នៃរដ្ឋសភា បានដឹកនាំសហការី អញ្ជើញចូលគោរពជូនពរ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
ជាមួយកន្រ្កកផ្កាដ៏ស្រស់ស្អាត និងសារលិខិតជូនពរ គណៈប្រតិភូក្រុមសមាជិករដ្ឋសភាវ័យក្មេង បានលើកឡើងពីគុណបំណាច់ដ៏ឧត្តុង្គឧត្តម របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបុព្វហេតុជាតិ និងបានចូលរួមស្ដារ កសាង និងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនរហូតមក។
សម្តេចរដ្ឋសភាធិបតី ក៏បានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងដំណើរការអភិវឌ្ឍរីកចម្រើនរបស់រដ្ឋសភាកម្ពុជា ជាច្រើនអាណត្តិមកហើយ ដែលគុណូបការៈ និងគំរូវីរភាពដ៏ថ្លៃថ្លានេះ បានចារឹកជាប់នៅក្នុងដួងចិត្តរបស់ថ្នាក់ដឹកនាំនិងសមាជិក សមាជិកា រដ្ឋសភាក៏ដូចជាប្រជាពលរដ្ឋទូទៅមិនអាចបំភ្លេចបានឡើយ។
តាងនាមក្រុមសមាជិករដ្ឋសភាវ័យក្មេងនៃរដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា បានលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំង៣ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ព្រះនាងគោរាគ:ទេវី សូមព្រះអង្គតាមជួយថែរក្សា ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះ ក្រុមសមាជិករដ្ឋសភាវ័យក្មេងនៃរដ្ឋសភា និងបានប្រសិទ្ធពរជ័យ ជូនពរឆ្នាំថ្មីដល់ក្រុមសមាជិករដ្ឋសភាវ័យក្មេងនៃរដ្ឋសភាទាំងអស់ សូមមានសុខភាពល្អ មានសិរីសួស្ដី មានសេចក្ដីសុខសុភមង្គល ជាពិសេសសូមទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ព្រះនាង គោរាគ:ទេវី សូមតាមជួយថែរក្សាប្រោះព្រំនូវសព្ទសាធុការពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ចាប់តាំងពីឆ្នាំថ្មីដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះតរៀងទៅ ៕