សមាជិក សមាជិកា សភាវ័យក្មេង អញ្ជើញគោរពជូនពរ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ
ភ្នំពេញ៖ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ សមាជិក សមាជិកា សភាវ័យក្មេង ដឹកនាំដោយ ឯកឧត្ដម សួស យ៉ារ៉ា ប្រធានគណៈកម្មការទី៥ នៃរដ្ឋសភា និងជាប្រធានសភាវ័យក្មេង បានអញ្ជើញគោរពជូនពរ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា។
នៅក្នុងសារលិខិតជូនពរ របស់សមាជិក សមាជិកា សភាវ័យក្មេង បានលើកឡើងពីគុណបំណាច់ដ៏ឧត្តុង្គឧត្តម របស់ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភា នៅក្នុងបុព្វហេតុជាតិ និងបានចូលរួមស្ដារ កសាង និងអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ក៏បានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងដំណើរការអភិវឌ្ឍរីកចម្រើនរបស់រដ្ឋសភាកម្ពុជា ជាច្រើនអាណត្តិមកហើយ ដែលគុណូបការៈ និងគំរូវីរភាពដ៏ថ្លៃថ្លានេះ បានចារឹកជាប់នៅក្នុងដួងចិត្តរបស់ថ្នាក់ដឹកនាំនិងសមាជិក សមាជិការដ្ឋសភាក៏ដូចជាប្រជាពលរដ្ឋទូទៅមិនអាចបំភ្លេចបានឡើយ។
តាងនាមក្រុមសមាជិករដ្ឋសភាវ័យក្មេងនៃរដ្ឋសភា ឯកឧត្តម សួស យ៉ារ៉ា បានលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំង៣ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មី ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៨ ព្រះនាង គោរាគៈទេវី តាមជួយថែរក្សា ប្រោះព្រំសព្ទសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនចំពោះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១រដ្ឋសភានិងលោកជំទាវ ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីជាទីស្រឡាញ់ សូមបានសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ក៏បានមានប្រសាសន៍ថ្លែងអំណរគុណចំពោះសមាជិក សមាជិកា សភាវ័យក្មេង ចំពោះសព្ទសារធុការពរជ័យដ៏ប្រសើរ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងឈានចូលមកដល់នៅពេលខាងមុខ។
ជាមួយគ្នានេះ ឯកឧត្ដមកិត្តិសេដ្ឋាបណ្ឌិត ក៏បានជូនពរឆ្នាំថ្មីដល់ឯកឧត្ដម លោកជំទាវ សមាជិក សមាជិកា សភាវ័យក្មេងគ្រប់រូប សូមមានសុខភាពល្អ មានសិរីសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការ ចាប់តាំងពីឆ្នាំថ្មីដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះតរៀងទៅ ៕