សម្តេចធិបតី និងលោកជំទាវ ឧបត្ថម្ភថវិកា និងស្បៀងអាហារ ដល់សាលាពលទាហានទី៤ យោធភូមិភាគទី៤
ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ត្រី ជុយ សីហា មេបញ្ជាការរង យោធភូមិភាគទី៤ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី រួមមាន៖អង្ករ គ្រឿងឧបភោគបរិភោគ និងថវិកា សម្រាប់ទ្រទ្រង់ការងារសាលា និងយោធាចារ្យ នៅក្នុងសាលាពលទាហានទី៤ យោធភូមិភាគទី៤។
ការជួយឧបត្ថម្ភនេះជាការយកចិត្តទុកដាក់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដល់ខឿនអប់រំដែលជាថ្នាលដ៏សំខាន់ក្នុងការជួយអភិវឌ្ឍន៍ បណ្តុះបណ្តាល និងលើកកម្ពស់សមត្ថភាពយោធិន នៃជួរកងយោធពលខេមរភូមិន្ទ។
ឧត្ដមសេនីយ៍ត្រី ឈឹង សារុន នាយកសាលាពលទាហានទី៤ យោធភូមិភាគទី៤ ព្រមទាំងយោធាចារ្យ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមគោរពជូនពរ សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងមេបញ្ជាការ យោធភូមិភាគទី៤ នាឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សូមឲ្យមានសុខភាពល្អ បវរសួស្តី ជ័យជំនះគ្រប់ភារកិច្ច និងសូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕