រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកឡើងពីតួនាទីសំខាន់របស់សហគ្រាសធុនតូច និងមធ្យម ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញជាអធិបតីក្នុងមហាសន្និបាតប្រចាំឆ្នាំរបស់សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា ដោយបានរំលេចពីតួនាទីដ៏សំខាន់របស់សហគ្រាសធុនតូច និងមធ្យម ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការបង្កើតការងារ។
ថ្លែងទៅកាន់អង្គមហាសន្និបាត ឯកឧត្តមបានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាបន្តនិន្នាការកើនឡើងក្នុងរង្វង់ ៦% នៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំ២០២៤ គាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ ក្នុងនោះវិស័យឧស្សាហកម្មបន្តកើនឡើងក្នុងរង្វង់ ៨,៥%។
ឯកឧត្តមបានសង្កត់ធ្ងន់លើការរួមចំណែករបស់សហគ្រាសធុនតូច និងមធ្យមចំពោះសន្ទុះកំណើននេះ ដោយលើកឡើងថា៖ “សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាមាន ៩៨% នៃអង្គភាពសេដ្ឋកិច្ចទាំងអស់ ផ្តល់ការងារប្រមាណ ៧០% នៃកំលាំងពលកម្ម ហើយរួមចំណែក ៥៨% នៃផលិតផលក្នុងស្រុកសរុប។ សហគ្រាសទាំងនេះបានដើរតួនាទីជាឆ្អឹងខ្នងដ៏សំខាន់មួយនៃសេដ្ឋកិច្ចជាតិ និងជីវភាពគ្រួសារ ហើយកំពុងប្រើប្រាស់សក្តានុពល ធនធាន ពលកម្ម និងវត្ថុធាតុដើមក្នុងស្រុកជាចម្បង ព្រមទាំងការទទួលយកការផ្ទេរបច្ចេកវិទ្យាថ្មីៗផងដែរក្នុងដំណើរការអភិវឌ្ឍ និងកំណើនសេដ្ឋកិច្ច-សង្គម” ៕