អគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំពិធីបួងសួងឧទ្ទិសកុសលដល់អតីតតំណាងរាស្ត្រ និងវីរជនស្នេហាជាតិដែលបានចែកឋានកន្លងទៅ នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ
ភ្នំពេញ៖ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងរដ្ឋសភា ឯកឧត្តម គាំម កុសល អគ្គលេខាធិការរង រដ្ឋសភា នៅរសៀលថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ បានអញ្ជើញរៀបចំធ្វើពិធីបួងសួងឧទ្ទិសកុសលដល់អតីតតំណាងរាស្ត្រ វីរជនស្នេហាជាតិ និងបុព្វការីជន ដែលបានចែកឋានកន្លងទៅ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២០២៥ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។
ពិធី ឧទ្ទិសបួងសួងនេះបានរៀបចំឡើងនៅសាលពិព័រណ៍នៃវិមានរដ្ឋសភា ជាទី ដែលមានចារឹកឈ្មោះរបស់តំណាងរាស្ត្រគ្រប់ជំនាន់តាំងពីការកកើតរដ្ឋសភាមក នៅលើផ្ទាំងសិលាចារឹកជាច្រើនផ្ទាំង។ ដោយមានការរៀបចំគ្រឿងរណ្ដាប់ផ្សេងៗ និងការប្រគំភ្លេងពិណពាទ្យ លោកអាចារ្យបានដឹកនាំសូត្រជយន្តោ នៅក្នុងកិច្ចបង្សុកូល ឧទ្ទិសនូវផលាអានិសង្សជូនទៅដល់វិញ្ញាណក្ខន្ធអតីតតំណាងរាស្ត្រគ្រប់ជំនាន់ វីរជនស្នេហាជាតិ និងបុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ មានមាតាបិតា ជីដូនជីតា ព្រមទាំងញាតិការទាំង៧សន្តាន សូមអញ្ជើញមកទទួលអនុមោទនាទទួលយកកុសលផលបុណ្យគ្រប់គ្នា។
ឯកឧត្តមអគ្គលេខាធិការរដ្ឋសភា ក៏បានបួងសួងសុំនូវសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ថ្នាក់ដឹកនាំរដ្ឋសភា ឯកឧត្តម លោកជំទាវ ជាតំណាងរាស្រ្ត និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទាំងអស់ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនេះផងដែរ៕