ក្រសួងបរិស្ថាន ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីករណីជនល្មើសបាញ់មកលើមន្រ្តីឧទ្យានុរក្សដែលកំពុងបំពេញបេសកកម្មល្បាតក្នុងដែនជម្រកសត្វព្រៃស្រែពក ភូមិសាស្រ្តខេត្តមណ្ឌលគិរី និងមានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមថែមទៀត។
ក្រសួងបានចាត់ទុកថា ករណីបាញ់នេះជាអំពើដ៏ឃោរឃៅរបស់ជនល្មើស ដោយប្រើប្រាស់អាវុធខុសច្បាប់ដើម្បីរារាំងនិងគំរាមកំហែងដល់អាយុជីវិតមន្រ្តីអនុវត្តច្បាប់ ដែលកំពុងបំពេញភារកិច្ចក្នុងបុព្វហេតុការពារនិងអភិរក្សធនធានធម្មជាតិ។
ក្រសួងបរិស្ថាន សូមធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនល្មើសដែលបានបាញ់មកលើមន្រ្តីអនុវត្តច្បាប់ ដែលបាននិងកំពុងបំពេញតួនាទីក្នុងនាមជាមន្រ្តីទទួលបន្ទុកគ្រប់គ្រងតំបន់ការពារធម្មជាតិ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថានកំពុងសហការយ៉ាងជិតស្និតជាមួយក្រសួង ស្ថាប័ន គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ស្វែងរកជនល្មើសនិងអ្នកពាក់ព័ន្ធនៃអំពើល្មើសច្បាប់នេះ។
ក្រសួងបរិស្ថាន សូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋសហការជាមួយក្រសួងបរិស្ថាន ដើម្បីចាប់ជនល្មើសមកផ្តន្ទាទោសតាមនីតិវិធីច្បាប់ជាធរមាន៕