ឯកឧត្ដម កែ គឹមយ៉ាន៖ សម្តេចធិបតី បានបន្តអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជាអគ្គមគ្គទេសក៍ដ៏ឆ្នើមការពារបានសុខសន្តិភាព
ភ្នំពេញ៖ ឯកឧត្ដម កែ គឹមយ៉ាន អ្នកតំណាងរាស្រ្ត និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងបែបនេះក្នុងឱកាសដែលឯកឧត្តម និងលោកជំទាវ ម៉ៅ ម៉ាល័យ ព្រមទាំងក្រុមការងារគ្រប់ថ្នាក់ និងអាជ្ញាធរដែនដី អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ នៅមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧តេជោភ្នំឆ័ត្រ ឃុំ ស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះ ឯកឧត្ដម កែ គឹមយ៉ាន បាននាំនូវបណ្តាំផ្ញើសួរសុខទុក្ខ នឹករលឹក ជូនពរជ័យពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជូនអ្នកបន្ទាយមានជ័យទាំងអស់ពិសេសកងកម្លាំងប្រដាប់អាវុធឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ និងអរគុណដល់គ្រប់សមាសភាពដែលជួយឧបត្ថម្ភគាំទ្រលើកទឹកចិត្តដល់កងកម្លាំងគ្រប់ប្រភេទឈរជើងនៅភូមិសាស្រ្តខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម កែ គឹមយ៉ាន បានបន្តថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តអនុវត្តនូវនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អគ្គមគ្គទេសក៍ដ៏ឆ្នើមនៃកម្ពុជា បន្តរក្សាការពារបានសុខសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពទឹកដី និងការអភិវឌ្ឍគ្រប់វិស័យ ផ្តល់អាទិភាពទៅលើតួនាទី និងភារកិច្ចស្នូលរបស់កងកម្លាំងក្នុងការចូលរួមការពារសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍប្រទេសជាតិ ក្នុងគោលជំហរស្មោះត្រង់ចំពោះជាតិ សាសនា ព្រះមហាក្សត្រ។ និងបន្តកំណែទម្រង់ស៊ីជម្រៅក្នុងវិស័យកងកម្លាំង ទាំងបរិមាណនិងគុណភាព សំដៅធ្វើឲ្យកងកម្លាំងគ្រប់ប្រភេទក្លាយជាកម្លាំងការពារជាតិដ៏រឹងមាំ និងបានបន្តយកចិត្តទុកដាក់លើវិស័យសង្គមកិច្ចនិងសុខាភិបាលសាធារណៈឲ្យកាន់តែមានការគ្របដណ្តប់នៅតាមមូលដ្ឋានផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម កែ គឹមយ៉ាន បានបន្តទៀតថា កងកម្លាំងតែងតែបានផ្សារភ្ជាប់គ្រប់កាល:ទេស:ជាមួយនឹងប្រជាជន ចងសម្ព័ន្ធមេត្រីជាមួយក្រសួង ស្ថាប័ន ក្រុមហ៊ុន សង្គមស៊ីវិល បណ្តាប្រទេសជាមិត្តជាប់ព្រំដែន អង្គការសហប្រជាជាតិក្នុងបុព្វហេតុសន្តិភាពសន្តិសុខ មនុស្សធម៌ និងការអភិវឌ្ឍ ព្រមទាំងបានចូលរួមជួយសង្រ្គោះប្រជាជនពេលកើតគ្រោះមហន្តរាយផ្សេងៗ ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងជំងឺរាតត្បាតផងដែរ។
ជាមួយគ្នានេះដែរ ឯកឧត្តម កែ គឹមយ៉ាន បានធ្វើការណែនាំដល់កងកម្លាំងគ្រប់ប្រភេទ ដែលកំពុងឈរជើងក្នុងភូមិសាស្រ្តខេត្តបន្ទាយមានជ័យ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងអង្គភាពពាក់ព័ន្ធ ក្មួយៗ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តចូលរួមកសាងនិងពង្រឹងខឿនការពារជាតិ បូរណភាពដែនដី ទប់ស្កាត់ អស្ថិរភាពនយោបាយ ការពារដាច់ខាតនូវបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ និងប្រមុខដឹកនាំរាជរដ្ឋាភិបាល តាមដានព័ត៌មានសន្តិសុខក្នុងប្រទេស តំបន់ សកលលោក បន្តអភិវឌ្ឍសមត្ថភាពបណ្តុះបណ្តាលនិងហ្វឹកហ្វឺនជាប្រចាំ បន្តជួយអន្តរាគមន៍ប្រជាជនជួបគ្រោះមហន្តរាយធម្មជាតិ អនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពក្នុងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កិច្ចសហប្រតិ បតិ្តការជាមួយប្រទេសជិតខាងដើម្បីកសាងបន្ទាត់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ថែរក្សាសុខភាពសមស្របនឹងកាយសម្បទារបស់ខ្លួនម្នាក់ៗ។ ជាមួយនោះក៏ត្រូវបង្រ្កាបឲ្យបានចំពោះក្រុមក្មេងទំនើងដែលតែងបង្កអសន្តិសុខក្នុងមូលដ្ឋានឲ្យខាងតែបាន។
ជាមួយគ្នានេះផងដែរ ឯកឧត្តម កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ បាននាំយកអំណោយជាថវិកា សម្ភារៈ ឧបត្ថម្ភ ចែកជូនដល់មណ្ឌលជនពិការតេជោភ្នំឆ័ត្រ តំបន់រតេជោសន្តិភាពការរ៉េពីរ មណ្ឌលជីវិតថ្មីភ្នំបាក់ និងកុមារកំព្រាវិសាខានៃក្តីសង្ឃឹមវត្តខ្ចាស់ និងកងកម្លាំងប្រដាប់អាវុធក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ និងក្រុមការងារមាន៖ អង្ករ, មី, ទឹកស៊ីអ៊ីវ, ទឹកត្រី, ត្រីខ, ស្រាបៀរ, ទឹកក្រូច, ទឹកបរិសុទ្ធ, ត្រីកាម៉ុង, ក្រមា, ទឹកដោះគោ, ស្កស, កៅអៀក, អំបិល, ប្រេងកូឡា, ប្រេងឆា, មុង, ភួយ សរុបរួមជាថវិកាចំនួន ៣០៦.១០៩.៥០០រៀល និងបានជូនពរអ្នកចូលរួមទាំងអស់ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរសូមមានសុខភាពល្អ ជោគជ័យគ្រប់ភារកិច្ច និងសូមជួបប្រសព្វនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណះ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕