ពលករ និងអ្នកឃ្លាំមើលកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិ
ភ្នំពេញ៖ ប្រជាពលរដ្ឋ ពលករ និងអ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងធ្វើការងារអស់កម្លាំងកាយចិត្តរបស់មន្ត្រីប្រចាំការទាំងអស់នៅច្រកទ្វារព្រំដែនអន្តរជាតិ ដែលបានជួយសម្របសម្រួល និងផ្ដល់ឯកសារចាំបាច់ជូនពួកគាត់បានឆាប់រហ័សក្នុងអំឡុងពេលមកលេងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។
កញ្ញា ជាតិ ចំប៉ី ពលករមកពីធ្វើការងារនៅប្រទេសថៃបានវិលត្រឡប់មកកម្ពុជាវិញតាមច្រកឡែម ខេត្តបាត់ដំបងបាននិយាយថា៖«ខ្ញុំមកតាមច្រកនេះ គឺមិនមានគេយកលុយកាក់អីទេ ហើយមន្រ្តីប៉ូលីសគាត់យកចិត្តទុកដាក់ខ្លាំងណាស់ ទាំងប៉ូលីសថៃ និងប៉ូសលីសខ្មែរយើង។ ខ្ញុំសប្បាយរីករាយខ្លាំងណាស់ដែលមន្រ្តីយើងយកចិត្តទុកដាក់ខ្លាំងចំពោះពលករដូចជាពួកខ្ញុំ»។
កញ្ញាបានអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលបានសម្របសម្រួលជាមួយរាជរដ្ឋាភិបាលប្រទេសថៃ ដើម្បីលើកលែងថ្លៃសេវាចេញ-ចូលប្រទេសថៃតាមច្រកព្រំដែន ដែលជាការសម្រួលការចំណាយមួយផ្នែកសម្រាប់ពលករខ្មែរនៅប្រទេសថៃបានមកលេងស្រុកកំណើត។
លោក សឿង ប្រុស ជាពលករមកពីប្រទេសថៃបានវិលត្រឡប់មកកម្ពុជាវិញបាននិយាយថា៖«ខ្ញុំសូមអរគុណរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលតែងតែសម្រួលឱ្យមានការលើកលែងថ្លៃសេវាចេញ-ចូលតាមព្រំដែនជារៀងរាល់ឆ្នាំ និងអរគុណដែលតែងតែយកចិត្តទុកដាក់មកលើសុខទុក្ខបងប្អូនពលករខ្មែរដែលធ្វើការនៅប្រទេសថៃ»។
លោកបន្តថា ការលើកលែងថ្លៃសេវាចេញ-ចូលប្រទេសថៃក្នុងអំឡុងពេលចូលឆ្នាំ គឺជួយសម្រួលដល់ការចំណាយរបស់លោក និងពលករផ្សេងទៀតយ៉ាងច្រើន ហើយមិនត្រឹមតែកាត់បន្ថយចំណាយបានមួយចំណែកធំទេ ប៉ុន្ដែថែមទាំងជួយសម្រួលសេវាឯកសារផ្សេងៗទៀតយ៉ាងឆាប់រហ័សផងដែរ។
លោក សំ សឿន អ្នកឃ្លាំមើលការអភិវឌ្ឍន៍សង្គម និងនយោបាយបានថ្លែងថា៖«ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនរុញរារបស់ក្រុមការងារជំនាញ និងមន្រ្តីប្រចាំការនៅតាមច្រកព្រំដែនទាំងអស់ដែលជាប់ពាក់ព័ន្ធការជួយសម្របសម្រួលការឆ្លងដែនរបស់ពលរដ្ឋយើងដែលគាត់ត្រឡប់ពីថៃវិញ មកលេងស្រុកកំណើតគាត់ក្នុងអំឡុងពេលនេះ»។
លោកបន្តថា៖«ខ្ញុំសង្កេតឃើញថា មន្រ្តីរាជរដ្ឋាភិបាលយើងដែលពួកគាត់ប្រចាំការនៅតាមច្រកព្រំដែនអន្តរជាតិនីមួយៗ គឺពួកគាត់បានលះបង់ច្រើនណាស់ទាំងកម្លាំងកាយ កម្លាំងចិត្ត និងទាំងពេលវេលាជួបជុំក្រុមគ្រួសារគាត់ផងដែរ គឺធ្វើយ៉ាងជួយដល់ពលរដ្ឋខ្មែរយើងកុំឱ្យមានការលំបាកច្រើននៅពេលឆ្លងដែនមកកម្ពុជា»។
អ្នកឃ្លាំមើលរូបនេះបានបន្ថែមថា ការប្រឹងប្រែងក្នុងកិច្ចការជួយពលរដ្ឋបែបនេះធ្វើឱ្យពលរដ្ឋសប្បាយរីករាយ និងពេញចិត្តចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលតាមរយៈសេនាធិការដូចជា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរមូលដ្ឋានផង។
លោកបានលើកទឹកចិត្តដល់មន្រ្តីកំពុងប្រចាំការនៅច្រកព្រំដែនអន្តរជាតិទាំងអស់បន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនថែមទៀត ដើម្បីជួយសម្របសម្រួល ដោះស្រាយបញ្ហាជូនពលរដ្ឋ និងពលករដែលតែងតែឆ្លងដែនទៅធ្វើការងារ និងប្រកបរបររកស៊ីនៅក្នុងប្រទេសថៃ។
ចំណែកលោក អ៊ុន ដារ៉ា អ្នកតាមដានស្ថានការណ៍នយោបាយ និងសង្គម បានកត់សម្គាល់ឃើញថា៖«មន្រ្តីជំនាញ និងមន្រ្តីប្រចាំការនៅច្រកព្រំដែនទាំងអស់ បានយកចិត្តទុកដាក់ខ្លាំងណាស់ចំពោះពលរដ្ឋដែលបានវិលត្រឡប់មកពីប្រទេសថៃវិញ ជាពិសេសពួកគាត់នៅរង់ចាំទទួលពលរដ្ឋដែលមកជួបជុំក្រុមគ្រួសារនៅក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីនេះ»។
លោកបន្តថា កិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីនៅតាមច្រកព្រំដែននេះ គឺឆ្លុះបញ្ចាំងពីការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជា និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលខិតខំបំពេញការងារជួយសម្រួលអន្តរាគមន៍ជូនពលករខ្មែរធ្វើការនៅប្រទេសថៃរហូតមានការលើកលែងតម្លៃសេវាចេញ-ចូលរៀងរាល់ឆ្នាំ៕