«មិត្តដែកថែប» កម្ពុជា-ចិន :រួមគ្នាកសាងសហគមន៍ជោគវាសនារួមដើម្បីអនាគតកាន់តែល្អបវរ
បើទោះបីជាពិភពលោកបាននិងកំពុងស្ថិតក្នុងបម្រែបម្រួលដ៏ខ្លាំងដែលមិនធ្លាប់មានក្នុងរយៈពេលមួយរយឆ្នាំ ជាពិសេសគឺប្រឈមនឹងស្ថានភាពដ៏ស្មុគស្មាញនៃសេដ្ឋកិច្ចសកលនិងបញ្ហាជាសកលយ៉ាងណាក៏ដោយ ក៏ទំនាក់ទំនងនិងការពឹងផ្អែកគ្នាទៅវិញទៅមករវាងប្រទេសកម្ពុជានិងប្រទេសចិនកាន់តែមានភាពស៊ីជម្រៅនិងរឹងមាំពីមួយជំនាន់ទៅមួយជំនាន់ ប្រៀបដូចទៅនឹងទស្សនៈថា«ផ្លូវឆ្ងាយដឹងកម្លាំងសេះ ពេលវេលាដឹងចិត្តមនុស្ស»។ ដោយរាប់ពីដំណើរទស្សនកិច្ចជាផ្លូវការរបស់លោក កាំង ថៃ និងលោក ជូ យីង នៅសតវត្សរ៍ទី៣ នោះយើងនឹងឃើញកាន់តែច្បាស់ពីប្រពៃណីក្នុងដំណើរដ៏យូរអង្វែងនៃទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ហើយមកដល់សម័យឌីជីថលនេះ ស្មារតីរួមដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរតែងប្រើពាក្យថា«អ្នកជិតខាងល្អ មិត្តល្អ ដៃគូល្អ និង បងប្អូនល្អ» មកបញ្ជាក់ពីភាពរឹងមាំខ្លាំងក្លាមិនអាចបំបែកបាននៃចំណងមិត្តភាពអមតៈរវាងកម្ពុជា-ចិន។
សន្តិភាពគឺជាទម្រយ៉ាងរឹងមាំដែលប្រទេសយើងទាំងពីរ កម្ពុជានិងចិន បានប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធក្នុងការថែរក្សា ដែលជាគន្លឺះដល់ការអភិវឌ្ឍ។ ក្នុងចរន្តនៃការអភិវឌ្ឍ កម្ពុជាគឺជាប្រទេសទី១ដែលបានចូលរួមនៅក្នុង«គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ» ដែលជាគំរូភាពនៃទំនាក់ទំនងដ៏ល្អរវាងប្រទេសយើងទាំងពីរក្នុងការផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ ប្រសិនជាយើងក្រឡេកទៅមើលប្រវត្តិសាស្រ្តកាលពី៧០ឆ្នាំមុនក្នុងសន្និសីទបានឌុង នោះយើងនឹងមិនមានភាពស្ទាក់ស្ទើរលើការគូសបញ្ជាក់យ៉ាងប្រត្យក្សពីទំនាក់ទំនងរវាងកម្ពុជានិងចិន ដោយកម្ពុជាបានគាំទ្រយ៉ាងពេញទំហឹងដល់សំណើរបស់ចិនដែលបានបន្លឺឡើងជុំវិញពិភពលោកពី«ស្មារតីបានឌុង»ក្នុងការស្វែងរកមូលដ្ឋានរួមខណៈពេលដែលរក្សាភាពខុសគ្នា និងបានប្រើប្រាស់គំនិតនៃ«ការអភិវឌ្ឍរួម» ដើម្បីបង្រួបបង្រួមភាពរឹងមាំនៃប្រទេសកំពុងអភិវឌ្ឍន៍។ មកដល់នឹងពេលបច្ចុប្បន្ននេះ ប្រទេសយើងទាំងពីរនៅបន្តស្មារតីបានឌុងដោយលើកទឹកចិត្តដល់ការអនុវត្តគោលការណ៍«ពហុភាគីនិយមពិតប្រាកដ» ដើម្បីបន្តរួមចំណែកដល់ការអភិវឌ្ឍពិភពលោក និងបន្តជាអ្នករួមចំណែកការពារសណ្តាប់ធ្នាប់អន្តរជាតិ។ ប្រទេសយើងទាំងពីរបានឯកភាពទទួលយកទស្សនវិជ្ជាផ្អែកលើ«ភាពសុខដុមរមនា និងការរួមរស់ដោយសន្តិភាព»ក្នុងរង្វង់នៃអភិបាលកិច្ចសកល។
វឌ្ឍនភាពគឺជាមាគ៌ាដែលប្រទេសយើងតែងបានរួមគ្នាពន្លាតលើស្មារតីនៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ជាក់ស្តែងនៅក្នុងវេទិកាស្តីពីទំនាក់ទំនងកម្ពុជា-ចិនក្នុងបរិបទថ្មីកាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានមានប្រសាសន៍ថា «ទំហំពាណិជ្ជកម្មទ្វេភាគីឈានដល់១៥,១៨ពាន់លានដុល្លារកាលពីឆ្នាំ២០២៤ កើនឡើង១៦,៩%ពីមួយឆ្នាំទៅមួយឆ្នាំ»។ ពីទំនាក់ទំនងការទូត ដល់មិត្តភាពដែកថែប ប្រទេសចិនតែងតែអនុវត្តទស្សនវិជ្ជាកិច្ចសហប្រតិបត្តិការ «ឈរលើគោលការណ៍សមភាព និង ចែករំលែកផលប្រយោជន៍ឈ្នះ-ឈ្នះ» ដោយសម្រេចបាននូវលទ្ធផលអភិវឌ្ឍជាច្រើនដែលផ្តល់ផលប្រយោជន៍ដល់កម្ពុជាដោយឈរលើប្រទេសចិនបានគម្រោងធំៗជាច្រើន រួមមានតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាដើម ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ព្រមទាំងបានផ្តល់លទ្ធភាពដល់កម្ពុជាបាននាំចេញអង្ករ មៀនប៉ៃលិន ស្វាយ ដំឡូងមី ស្វាយចន្ទី ចេកអំបូងលឿង និង កៅស៊ូ ទៅកាន់ប្រទេសចិនថែមទៀតផង។
វិបុលភាពដែលជាក្តីបំណងរួមដែលមិនងាករេរបស់ប្រទេសយើងទាំងពីរដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ហើយដែលតាមរយៈមិត្តភាពដែកថែប ប្រទេសចិនបានឈរនៅលំដាប់ខ្ពស់ទី១ក្នុងតារាងវិនិយោគិនបរទេសដែលបានវិនិយោគក្នុងប្រទេសកម្ពុជា ជាក់ស្តែងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជាដែលវិនិយោគដោយប្រទេសចិន រួមមាន Dragon King SEZ, Shandong Sunshell SEZ, Qilu (Jian Pu Zhai) SEZ, Sihanoukville SEZ2, និង Sihanoukvill SEZ1 ដែលបានផ្តល់ការងារ រាប់សិបលានកន្លែងដល់ពលរដ្ឋកម្ពុជា ដែលមិនត្រឹមរួមចំណែកក្នុងការផ្តល់ប្រាក់ចំណូលដល់គ្រួសារ ប៉ុណ្ណោះទេ ថែមទាំងបានផ្តល់ទំហំរីកចម្រើនកាន់តែខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាទាំងមូលតាមរយៈការនាំចេញទៅកាន់ទីផ្សារធំៗនៅលើសាកលោកផងដែរ។ បន្ថែមពីលើនេះ ការផ្តល់អាហារូបករណ៍ទៅបន្តការសិក្សានៅប្រទេសចិន រួមជាមួយការចាក់បញ្ចូលនៃបទពិសោធន៍នៃការកាត់បន្ថយភាពក្រីក្ររបស់សង្គមស៊ីវិលរបស់ប្រទេសចិនក្នុងប្រទេសកម្ពុជា ដូចជា«គម្រោងតូចនិងឆ្លាតវៃ»ដែលរួមមានគម្រោងភូមិគំរូមិត្តភាពកម្ពុជា-ចិន កាត់បន្ថយភាពក្រីក្រនៅភូមិតានន សុទ្ធសឹងរួមចំណែកលើកកម្ពស់ជីវភាពដោយផ្ទាល់ជូនដល់ប្រជាជនកម្ពុជា។
ភាតរភាពជាដែកឆក់ស្រូបទាញទំនាក់ទំនងកាន់តែជិតស្និទ្ធរវាងប្រជាជននៃប្រទេសយើងទាំងពីរ ដូចដែលយើងបានរំលឹកឡើងវិញនូវប្រវត្តិជាង២ពាន់ឆ្នាំនៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន កម្ពុជានិងចិន កាលពីឆ្នាំ២០២៤បញ្ជាក់ស្រាប់។ ជាសច្ចភាព ថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរបានយល់ស្របគ្នាថា ទំនាក់ទំនងប្រជាជន-ប្រជាជនគឺជាកូនសោរគន្លឹះនៃមិត្តភាពដែកថែប។ ស្របពេលដែលកម្ពុជាកំពុងសាទរទទួលអំណរសង្ក្រាន្តឆ្នាំម៉្សាញ់ ប្រជាជនចិនក្នុងប្រទេសកម្ពុជាក៏បានកម្សាន្តនិងរីករាយរួមគ្នាផងដែរដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកម្លាំងរួមគ្នានៅក្នុងគំនិតផ្តួចផ្តើមអរិយធម៌សកល។ បន្ថែមពីលើនេះ ក្នុងឆ្នាំម៉្សាញ់នេះ ប្រជាជនកម្ពុជាទទួលបាននូវអំណរទ្វេពីការទទួលទេវតាឆ្នាំថ្មី និងទទួលស្វាគមន៍ដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនភីង ប្រធានរដ្ឋចិនមកកម្ពុជារយៈពេលពីរថ្ងៃ គឺថ្ងៃទី១៧ និងទី១៨ ខែមេសា ឆ្នាំ២០២៥ ដូចទៅនឹងប្រសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានថ្លែងនាឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ តភ្ជាប់ត្បូងឃ្មុំ-កំពង់ចាម ថា «មិនខ្វល់គេអត្ថាធិប្បាយយ៉ាងណានោះឡើយ សម្រាប់ទំនាក់ទំនងរវាងកម្ពុជានិងចិន ប៉ុន្តែតាមរយៈសមិទ្ធផលនិងការផ្លាស់ប្តូរនៃដំណើរទស្សនកិច្ចរវាងថ្នាក់ដឹកនាំនៃប្រទេសយើងទាំងពីរ គឺបង្ហាញច្បាស់នូវទំនាក់ទំនងកម្ពុជា-ចិន»។
ជារួម រយៈពេល៦៧ឆ្នាំនៃមិត្តភាពដ៏រឹងមាំ ឬជាមិត្តភាពដែកថែប ដោយប្រទេសយើងទាំងពីរតែងបានឈររួមគ្នានៅក្នុង «ការពិគ្រោះយោបល់និងរៀនសូត្រពីគ្នា ការចែករំលែកផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក និងការរួមគ្នាកសាងសហគមន៍ដែលមានវាសនារួម» ដែលក្លាយជាគំរូនៃមិត្តភាពសម្រាប់បណ្តាប្រទេសនានាក្នុងពិភពលោក ហើយមិត្តភាពដែកថែបនេះជាសក្ខីភាពដ៏មានអានុភាពចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសយើងទាំងពីរក្នុងការរក្សាសន្តិភាព លើកកម្ពស់ការអភិវឌ្ឍ និងផ្តល់ផលប្រយោជន៍ដល់ប្រជាជនកម្ពុជានិងចិន ស្ថិតនៅក្នុងបេសកកម្មនៃការរួមគ្នាកសាង «សហគមន៍ជោគវាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី» បង្ហាញពីមាគ៌ាដ៏ត្រឹមត្រូវឥតខ្ចោះនូវចំណងមិត្តភាពរវាងកម្ពុជានិងចិនឆ្ពោះទៅអនាគតកាន់តែល្អបវរ៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន