សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥
ភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ២រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ នៅបរិវេណភូមិខ្ញុំ ខេត្តសៀមរាប។
ពិធីនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ ឯកឧត្តម លោកជំទាវ ដែលជាសមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូត ភ្ញៀវជាតិ និងអន្តរជាតិ មន្រ្តីរាជការ ថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋ យុវជនស្ម័គ្រចិត្ត រួមទាំងព្រះសង្ឃ និងដូនជី សរុបប្រមាណ ៣០០០អង្គ/នាក់។
សូមជម្រាបថា អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី» ក្នុងគោលបំណងផ្ដល់នូវស្នាមញញឹមដល់ប្រជាជាតិខ្មែរមកពីគ្រប់ទិសទី ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
ជាមួយគ្នានេះ អង្គរសង្ក្រាន្តឆ្នាំ២០២៥ នឹងលើកយកនូវកេរតំណែលអរិយធម៌ វប្បធម៌ ទំនៀមទម្លាប់ និងស្នាដៃរបស់បុព្វបុរសខ្មែរជាច្រើនទម្រង់ មករំលេចឡើងជាផ្ទាំងទស្សនីយភាពចម្រុះដ៏សម្បូរបែបនៅលើទឹកដីអង្គររយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤, ១៥ និង១៦ ខែមេសា ឆ្នាំ២០២៥ ៕