សម្ដេចតេជោ ហ៊ុន សែន ណែនាំមន្រ្តីជំនាញសហការគ្នាពន្លឿនការបោសសំអាតមីនដែលនៅសេសសល់
ភ្នំពេញ÷សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាណែនាំមន្រ្តីជំនាញសហការគ្នាពន្លឿនការបោសសំអាតមីនដែលនៅសេសសល់ ដើម្បីឈានទៅប្រកាសឃុំ ស្រុកគ្មានមីន។
សម្ដេចតេជោ ហ៊ុន សែន ជំរុញទៅអាជ្ញាធរមីន សហការជាមួយអាជ្ញាធរខេត្តបន្ទាយមានជ័យ បញ្ជូនកម្លាំងបោសសំអាតមីនដែលនៅសេសសល់ ដើម្បីធានាសុវត្ថិភាព ហើយប្រកាសឃុំប៉ោយចារ ស្រុកភ្នំស្រុក ក៏ដូចជាអាងត្រពាំងថ្ម ជាតំបន់គ្មានមីន ទោះបីដោយតម្លៃណាក៏ដោយ ត្រូវតែដោះមីននៅតំបន់នោះ នៅចុងឆ្នាំនេះយ៉ាងយូរ ត្រូវប្រកាសជាតំបន់គ្មានមីន ។
ក្នុងឱកាសអញ្ជើញអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ២០២២ ដែលប្រារព្ធនៅទីតាំងអាងត្រពាំងថ្ម ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានស្នើទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិចារណាដាក់ចូលទៅក្នុងថវិកាជាតិសម្រាប់ឆ្នាំ ២០២៣-២០២៤ខាងមុខ ជាដំណាក់ៗ ដើម្បីបង្ហើយនូវការដោះមីន ដោយបញ្ចប់ខេត្ត បញ្ចប់ស្រុក ឬបញ្ចប់ឃុំ ប្រកាសថាគ្មានមីន ។
សម្ដេចតេជោ បានបន្ថែមថា នៅខេត្តកែប បានប្រកាសរួចហើយថាគ្មានមីន ដោយកន្លែងខ្លះទៀត ត្រូវការប្រាក់ត្រឹម ៥ម៉ឺនដុល្លារ ទៅរកសុំបរទេសពិបាកណាស់ ហើយឥឡូវត្រូវដាក់ចូលក្នុងថវិកាជាតិ ដើម្បីបញ្ចប់នូវទីកន្លែងមួយចំនួនជិតបោសសម្អាតមីនអស់ ប៉ុន្តែខ្វះលុយដោះ ៕