នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសហាមដាច់ខាត មិនឲ្យយករឿងកូវីដ ទៅបំភ្លើស ឬលេងសើចលើបណ្តាញសង្គម
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសហាមដាច់ខាត មិនឱ្យយកករណីជំងឺកូវីដ-១៩ ទៅបំភ្លើស ឬលេងសើចលើបណ្តាញសង្គមនោះឡើយ បើយកទៅលេងសើច ឬបំភ្លៃការពិត គឺមិនអាចរួចខ្លួននោះឡើយ ត្រូវតែអនុវត្តច្បាប់ ។
ក្នុងឱកាសអញ្ជើញអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ ដែលបានប្រារព្ធឡើងនៅទីតាំងអាងទឹក ត្រពាំងថ្ម ភូមិ ត្រពាំងថ្ម ឃុំ ប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១ កក្កដានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃទី៣០ ខែមិថុនា ម្សិលមិញ កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ចំនួន៣ករណី។
សម្តេចតេជោ ក៏បានបន្តអំពាវនាវអោយប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាបន្តទៀត ហើយសម្តេចតេជោបញ្ជាក់ថា ទោះចាក់ដល់ដូសទី២០ ក៏ដោយ ក៏រដ្ឋាភិបាលមិនយកលុយពីប្រជាជនខ្លួនដែរ។
ទាក់ទងនឹងអ្នកបំពុលរឿងកូវីដ-១៩ នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា មានបុគ្គលម្នាក់ត្រូវបានចាប់ខ្លួនហើយ បន្ទាប់ពីបំពុលព័ត៌មានតាម Tik Tok ពាក់ព័ន្ធនឹងការលើឡើងថាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅខេត្តកោះកុង ៕