សិស្សសាលាស្រី២នាក់ បោះពួយគ្មានប្រណីបុកនឹងបង្គោលសុវត្ថិភាព បណ្តាលឲ្យស្លាប់១នាក់រងរបួសធ្ងន់១នាក់នៅស្រុកបាកាន
ខេត្តពោធិ៍សាត់៖ កាលពីថ្ងៃទី៣០ ខែមិថុនាឆ្នាំ២០២២ វេលាម៉ោង១០និង១៥នាទី មានករណីគ្រោះចរាចរណ៍បង្កឡើងដោយសិស្សសាលាស្រី០២នាក់ជិះម៉ូតូលឿនដូចហោះជ្រុលទៅបុកនឹងបង្គោលសុវត្ថិភាពបណ្តាលឲ្យស្លាប់១នាក់រងរបួសធ្ងន់១នាក់ នៅលើផ្លូវកៅស៊ូស្ថិតក្នុងភូមិបឹងប្រីយ៍ឃុំត្រពាំងជងស្រុកបាកានខេត្តពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋាន។
ប្រភពព័ត៌មាននៅកន្លែងនៅកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានម៉ូតូម៉ាកនិចពណ៌សលាយក្រហមពាក់ផ្លាកលេខពោធិ៍សាត់ 1M- 3708បើកក្នុងល្បឿនលឿនដូចហោះមកពីជើងទៅត្បូងមកដល់ចំណុចផ្លូវកោងខាងលើបានជ្រុលទៅបុកនឹងបង្គោលសុវត្ថិភាពបណ្ដាលឲ្យឈ្មោះប៉េង សុខរាសីភេទស្រីអាយុ ១៣ឆ្នាំជាសិស្សរស់នៅភូមិកោះកែវឃុំត្រពាំងជង(អ្នកបើកបរ) របួសធ្ងន់។ និងឈ្មោះ សុខ ស្រីរ័ត្ន ភេទស្រីអាយុ១៣ឆ្នាំជាសិស្សរស់នៅភូមិត្រពាំងជងឃុំត្រពាំងជង(ស្លាប់)អ្នករួមដំណើរ។ ចំពោះជនរងគ្រោះត្រូវបានឪពុកម្តាយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។
លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា ករណីគ្រោះចរាចរណ៍នេះបណ្តាលមកកត្តាល្បឿនទើបបណ្តាលមានគ្រោះថ្នាក់កើតឡើង។ ចំពោះសពកុមារីរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯម៉ូតូត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជងជាបណ្តោះអាសន្ន ៕