ក្រសួងសុខាភិបាល ជំរុញការលុបបំបាត់ការឆ្លងមេរោគរលាកថ្លើមប្រភេទ បេ និងសេនៅកម្ពុជា
ភ្នំពេញ៖ លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត រដ្ឋលេខាធិការក្រសួងសុខាភិបាល មានប្រសាសន៍ថា ថ្នាក់ដឹកនាំក្រសួង បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងរួមមាន៖ ការបង្កើតឲ្យមានក្រុមការងារបច្ចេកទេសសម្រាប់ជំងឺថ្លើម អនុម័តផែនការយុទ្ធសាស្រ្តជាតិសម្រាប់ឆ្លើយតបទៅនឹងមេរោគថ្លើមបេ និងសេ និង បានធ្វើបច្ចុប្បន្នភាព ការណែនាំអំពីការព្យាបាលជំងឺរលាកថ្លើម។
ទន្ទឹមនឹងនេះឱសថ ព្យាបាលជំងឺរលាកថ្លើម ដោយវីរុស ប្រភេទ បេ និងសេ ក៏ត្រូវបានដាក់ចូល ក្នុង បញ្ជីឱសថសារវន្តឆ្នាំ២០១៨ ផងដែរ។
លោកជំទាវវេជ្ជបណ្ឌិត យក់ សម្បតិ្ត បានសង្កត់ធ្ងន់ថា ក្រសួងសុខាភិបាល បានប្តេជ្ញា និងធ្វើការ ជាមួយដៃគូអភិឌ្ឍន៍នានា ដើម្បីដោះស្រាយបញ្ហា ប្រឈម ទាក់ទង នឹងជំងឺរលាកថ្លើមបង្កដោយ សារវីរុស បេ និងសេ ដោយផ្តោតលើលើចក្ខុវិស័យ គ្មានការឆ្លងមេរោគរលាកថ្លើមថ្មីនៅកម្ពុជា ដែល ប្រជាជន ដែលមានមេរោគរលាកថ្លើមរ៉ាំរ៉ៃ អាចទទួលបានសេវា ធ្វើរោគ វិនិច្ឆ័យ ការព្យាបាល និងថែទាំដោយមានប្រសិទ្ធភាព មានតម្លៃសមរម្យ និងមានគុណភាពល្អ។
សូមបញ្ជាក់ថា តាមការប៉ាន់ស្មាន នៅឆ្នាំ២០១៧ របស់អង្គការសុខភាពពិភពលោកនៅប្រទេសកម្ពុជាចំនួនអ្នក ដែលមានជម្ងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទវីរុស បេ គឺ៣% (៤៧៥ ០០០នាក់) និអ្នកកំពុងរស់នៅជាមួយជម្ងឺរលាកថ្លើមរ៉ាំរ៉ៃប្រភេទវីរុស សេ ១,៦% (២៥៧ ០០០នាក់) ហើយដែលអាចមានផលប៉ះពាល់ធ្ងន់ធ្ងរដូចជា៖ ជម្ងឺក្រិនថ្លើម និងមហារីកថ្លើម។