មេបញ្ជាការរងកងទ័ពជើងគោក បើកវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៤១១ កងពលតូចថ្មើរជើងលេខ៤១
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៤១១ ប្រចាំឆ្នាំ២០២២ របស់ កងពលតូចថ្មើរជើងលេខ៤១ នៅទីបញ្ជាការវរសេនាតូចលេខ៤១១ ស្ថិតនៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២២ ។
របាយការណ៍វគ្គហ្វឹកហ្វឺន ដែលផ្តល់ដោយ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ បានឲ្យដឹងថា វគ្គហ្វឹកហ្វឺនវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៤១១ សិក្សាមានរយៈពេល ៦១ថ្ងៃ ដែលចាប់ផ្តើមដំណើរការពីថ្ងៃទី២ ខែកក្កដា ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដែលមានសិក្ខាកាមវរសេនាតូចលេខ៤១១ ចំនួន ១០០នាក់ គណៈកម្មការគ្រប់គ្រងវគ្គចំនួន ៤នាក់ និងយោធាចារ្យចំនួន ១០នាក់។
ឧត្តមសេនីយ៍ឯក ពៅ ហេង បានថ្លែងនូវការកោតសរសើរខ្ពស់ចំពោះមេបញ្ជាការ និងថ្នាក់ដឹកនាំ ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃកងពលតូចថ្មើរជើងលេខ៤១ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តភារកិច្ចស្នូលបានល្អ និងសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាព ស្ថិរភាពក្នុងកិច្ចដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឲ្យដំណើរការបានល្អប្រកបដោយភាពរលូន គ្មានអំពើហឹង្សា ពិសេសភូមិ ឃុំមានសុវត្ថិភាព និងការជួយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកងទ័ព កងនគរបាល អតីតយុទ្ធជន គ្រួសារកងទ័ពចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសទី៣-៤ និងដូសទី៥ (ដូសជំរុញ) មិនតែប៉ុណ្ណោះ ក៏បានចូលរួមយុទ្ធនាការចុះជួយចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋនៅខេត្តសៀមរាប និងខេត្តឧត្តរមានជ័យ ទទួលបានលទ្ធផលគួរជាទីមោទនៈបំផុត។
ឧត្តមសេនីយ័ឯក ពៅ ហេង បានបញ្ជាក់ពីគោលបំណងចំពោះវគ្គហ្វឹកហ្វឺនពង្រឹងវរសេនាតូចលេខ៤១១ ថាពិតជាមានសំខាន់សំដៅបង្កើនចំណេះដឹង ចំណេះធ្វើ ទាំងផ្នែកយុទ្ធសាស្ត្រយោធា ទាំងផ្នែកនយោបាយចិត្តសាស្ត្រស្របទៅតាមការវិវត្តន៍រីកចម្រើនថ្មីរបស់កងយោធពលខេមរភូមិន្ទនាពេលបច្ចុប្បន្ន និងទៅអនាគត។
ឧត្តមសេនីយ៍ឯក ពៅ ហេង បានផ្តាំផ្ញើដល់សិក្ខាកាមក្នុងវគ្គ ត្រូវគោរពវិន័យសាលាឲ្យបានម៉ឺងម៉ាត់បំផុត និងត្រូវខិតខំក្រេបយកចំណេះដឹងគ្រប់មុខវិជ្ជា ដើម្បីឆ្លើយតបទៅនិងភារកិច្ចជាក់ស្តែងរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារជាតិ ការពារសន្តិភាព ស្ថិរភាពនយោបាយ និងត្រូវបញ្ចូលកម្មវិធីអប់រំនយោបាយចិត្តសាស្ត្រ និងពិសេសអំពីសមិទ្ធផលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបញ្ចប់សង្គ្រាមស៊ីវិល នាំមកនូវសុខសន្តិភាពជូនជាតិ និងប្រជាជន ការស្តារ និងអភិវឌ្ឍប្រទេសជាតិពីបាតដៃទទេ រហូតយើងមានអ្វីៗដូចសព្វថ្ងៃ ។
ឧត្តមសេនីយ៍ឯក ពៅ ហេង អញ្ជើញប្រគល់លិខិតប្រកាសតែងតាំងផ្លាស់ប្តូមុខងារ និងបំពាក់ឋានន្តរស័ក្តិជូននាយទាហាន នៃកងពលតូចថ្មើរជើងលេខ៤១ ជាបន្តបន្ទាប់ផងដែរ ៕