បទវិភាគ៖សមមិត្តហ៊ុន សែន និងក្រពើវង្វេងបឹង
ដោយហេតុតែស្រឡាញ់ និងចង់រក្សារបបរាជានិយម យុវជនវ័យជំទង់មួយរូបមានដើមកំណើតនៅខេត្តកំពង់ចាមបានរត់ចូលព្រៃម៉ាគី ក្នុងគោលបំណងតស៊ូប្រយុទ្ធទល់នឹងទាហានលោកលន់ នល់ ដែលបានធ្វើរដ្ឋប្រហារទម្លាក់សម្តេចព្រះនរោត្តមសីហនុ។
ដោយហេតុតែស្រឡាញ់ជាតិមាតុភូមិ និងចង់រំដោះប្រជាជនកម្ពុជាចេញពីឋាននរកអវចីយ៍នៃបនប្រល័យពូជសាសន៍ខ្មែរក្រហមប៉ុល ពត យុវជនដដែលរូបនោះ រួមជាមួយយុទ្ធមិត្តបួនរូបផ្សេងទៀត បានសំរេចចិត្តលះបង់ជីវិតផ្ទាល់ខ្លួនរត់ទៅប្រទេសវៀតណាម ក្នុងគោលបំណងកសាងកម្លាំងទ័ព ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាចេញពីការកាប់សម្លាប់យ៉ាងរង្គាលនៃអង្គការអាវខ្មៅរបស់ប៉ុល ពត ដែលកាលណោះមានការចូលរួមពីកងទ័ពស្មគ្រចិត្តវៀតណាម។
តើគាត់ជាអ្នកណា?
យុវជនម្នាក់នោះមានឈ្មោះ សមមិត្ត ហ៊ុន សែន (សូមអានសៀវភៅមានចំណងជើងថា ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជា “Hun Sen Strongman of Cambodia” របស់លោក Garish C. Mehta និងលោកស្រី Julie B. Mehta កម្រាស់២៨៧ទំព័រ បោះពុម្ពផ្សាយនៅថ្ងៃទី០១ ខែមករា ឆ្នាំ១៩៩៩ ដែលបានបកប្រែផ្លូវការជាភាសាខ្មែរផងដែរ)។
យើងខ្ញុំសូមរំលឹកជូនថា ប្រសិនបើគ្មានបុរសខ្លាំងម្នាក់នេះទេ គឺគ្មានសោះឡើយថ្ងៃ២៣ តុលា គឺគ្មានសោះឡើយរបបរាជានិយមទី២ គឺគ្មានសោះឡើយប្រជាធិបតេយ្យសេរីពហុបក្ស និងគ្មានសោះឡើយការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ជាពិសេសគ្មានទាល់សោះពាក្យ”សន្តិភាព” និង”អភិវឌ្ឍន៍”។ គុណតម្លៃនៃវីរភាពរបស់សមមិត្តហ៊ុន សែន ត្រូវបានប្រជាជនកម្ពុជាគោរពទទួលស្គាល់ថាជា”បុរសខ្លាំងនៅកម្ពុជា”ពិតៗ លើកលែងតែក្រុមជ្រុលនិយមអគតិ និងអសតិខ្លះបានដៀលត្មេះថាជា”មនុស្សព្រៃ” និងបានប្រមាថ”ពិការភាព” របស់បុរសខ្លាំងថែមទៀត។ មនុស្ស”វង្វេងបឹង” របៀបនេះ នឹងទទួលងារជា”ក្រពើ”។ ធាតុពិត ការក្លាយខ្លួនពី”មនុស្សស្រុក” ទៅជា”មនុស្សព្រៃ” របស់បុរសខ្លាំង គ្រាន់តែដើម្បីរំដោះមនុស្សស្រុកពេញមួយប្រទេសកំពុងជួបមហន្តរាយ តើមានកំហុសដែរ? ចូរចងចាំថា ប្រជាជនកម្ពុជាបានរស់រានមានជីវិតឡើងវិញ រួមទាំងខ្មែរមួយចំនួនកំពុងរស់នៅប្រទេសទីបី គឺបានសុីផលពីបារមីមនុស្សព្រៃដែលមានអំណាចដ៏ឥទ្ធិឫទ្ធិម្នាក់នេះ។
ដោយឡែក លោកសម រង្សុី ដែលកំពុងគេចខ្លួនពីសំណាញ់ច្បាប់របស់កម្ពុជាទៅរស់នៅនិរទេសឯប្រទេសបារាំង ក៏ពុំធ្លាប់បានឆ្លងកាត់ភាពស្រេកឃ្លាន ទុរភិក្ស រន្ធត់ញាប់ញ័រ ភ័យខ្លាចគ្រប់វិនាទី គឺគាត់ចេះបានត្រឹមតែស្រែកច្រៀងចម្រៀងដដែលៗរត់មាត់ដូច”សេក” អំពីរបបខ្មែរក្រហម ទាំងមិនដឹងការពិតជាក់ស្តែង។ រីឯលោកកឹម សុខា ព្រមទាំងក្រុមគ្រួសារ ញាតិមិត្ត ផៅសន្តាន ដែលធ្លាប់បានរងគ្រោះពីការគំរាមកំហែងនៃរបបវាលពិឃាដ និងទទួលផលរស់រានមានជីវិតពីបុរសខ្លាំង ក៏តាំងខ្លួនជា “ក្រពើវង្វេងបឹង” ប្រឹងបំភ្លេច”គុណ” ហើយក្រសោបយក”ទោស” គួរអោយអាម៉ាស។ មនុស្សគ្រប់រូបដែលបានរស់រានមានជីវិតដោយសារបុរសខ្លាំងត្រូវចងចាំថា បឹងមិនរត់រកក្រពើ ផ្ទុយទៅវិញ គឺក្រពើត្រូវរត់រកបឹង។ លោកកឹម សុខា ក្លាយជា”ក្រពើវង្វេងបឹង” ក៏ព្រោះតែចោទថ្ងៃ០៧ មករា ថាជាថ្ងៃ”យួនឈ្លានពាន” និងចាត់ទុកគុកទួលស្លែង ហៅគុកស-២១ (S-21) ថាជាគុកសិប្បនិមិត្ត។
ដូច្នេះ មនុស្សគ្រប់រូបគួរនៅអោយឆ្ងាយពីសត្វក្រពើ។ ប្រសិនបើក្រពើនៅតែត្រូវការបឹង ក្នុងន័យលោកកឹម សុខា នៅតែត្រូវការសុខសន្តិភាពជូនប្រជាជនកម្ពុជា ដូចគ្នានឹងគោលនយោបាយ”សន្តិភាព”របស់ប្រមុខរាជរដ្ឋាភិបាល គឺពុំត្រូវធ្វើនយោបាយប្រឆាំងបែបជ្រុលនិយមហួសហេតុដូចគ្រាកន្លង។ ដោយហេតុថា ឥរិយាបទនយោបាយបែបញុះញង់ អុជអាល បញ្ឆេះកំហឹងវណ្ណៈ លាបពណ៌ ក្នុងគោលបំណងធ្វើបដិវត្តន៍ពណ៌ផ្តួលរំលំរដ្ឋាភិបាល រួមទាំងការបង្ករអរិយភាពជាមួយប្រទេសជិតខាង ដោយបង្កើនភាពជាតិនិយមជ្រុលហួសហេតុ គឺឈានទៅជាន់ឈ្លី”សន្តិភាព” និងកំទេចរាល់សមិទ្ធិផលជាតិដែលទទួលបានពីការអភិវឌ្ឍន៍។
ប្រាកដណាស់ថា ប្រជាជនកម្ពុជាគ្រប់រូបត្រូវការសន្តិភាពជាចម្បង។ ប៉ុន្តែ ប្រសិនបើសន្តិភាពត្រូវទទួលរងនូវការគំរាមកំហែង ឬ/និងបំផ្លិចបំផ្លាញ នោះយើងអ្នកសន្តិភាពនិយម រួមជាមួយប្រជាជនកម្ពុជាធ្លាប់រងគ្រោះក្នុងរបបខ្មែរក្រហមប៉ុល ពត និងយុវជនជំនាន់ក្រោយ ពិតជាមិននៅស្ងៀមឈរអោបដៃធ្វើព្រងើយកន្តើយសោះឡើយ។ ចូរកុលបុត្រកុលធិតាខ្មែរថែរក្សាការពារមរតក”សន្តិភាព” របស់សម្តេចតេជោសែន បុរសខ្លាំងនៅកម្ពុជា
អោយស្ថិតស្ថេរគង់វង់ជារៀងដរាប៕
ស្ទីវិន សាន់,អគ្គនាយករងអង្អភាព(HNA)