នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អញ្ជើញជាអធិបតី ភាពដុតបំផ្លាញគ្រឿងញៀន ក្រោមប្រធានបទ “ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាពនិងមនុស្សធម៌ “
ភ្នំពេញ៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០២២ បានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀន ក្រោមប្រធានបទ “ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាពនិងមនុស្សធម៌ ” នៅបរិវេណសួនច្បារមុខ សាលាខេត្តស្ទឹងត្រែង ក្រោមអធិបតី ភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គលេខាធិការរង នៃអគ្គលេខាធិារដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។
ពិធីខាងលើនេះមានការចូលរួមដោយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណ:អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងព្រះរាជអាជ្ញា ចៅក្រម ប្រធានលេខាធិការដ្ឋានគ្រឿងញៀនខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងមណ្ឌលគិរី ចូលរួមជាកិត្តិយស អស់លោក លោកស្រី កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ មន្រី្តរាជការ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ១,៨០០ នាក់ ។
ក្នុងពីធីដុតបំផ្លាញគ្រឿងញៀន តាមអំណាចសាលក្រមស្ថាពរ និងដីកាសម្រេចរឹបអូសរបស់សាលាដំបូងខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី ក្នុងគោលបំណងឆ្លុះបញ្ចាំងឲ្យឃើញពីតម្រូវការដ៏ចាំបាច់ និងប្រកបដោយតម្លាភាពនៃការចូលរួម និងគាំទ្រគ្នាទៅវិញទៅមក រវាងផ្នែកអនុវត្តច្បាប់ ផ្នែកសុខភាព និងផ្នែកសង្គមកិច្ច ក្នុងការលើកកម្ពស់ប្រសិទ្ធិភាពខ្ពស់។
ក្នុងទិវានេះ មានការដុតបំផ្លាញគ្រឿងញៀន
តាមលក្ខណៈបច្ចេកទេស និងសុវត្ថិភាពក្នុងការបំផ្លាញចោលដោយវិធីសាស្ត្រដុតនូវសារធាតុញៀន មេតំហ្វេតាមីនម្សៅ និងគ្រាប់ ចំនួន ១៧៩,៣៤ គីឡូក្រាម ។
ឱកាសនេះឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានកោតសរសើរចំពោះ គណៈកម្មការត្រួតពិនិត្យគ្រឿងញៀនថ្នាក់ខេត្ត និងអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលបានសហការល្អរៀបចំប្រារព្វពិធីនេះឡើងយ៉ាងមានអត្ថន័យដ៍ជ្រាវជ្រៅ និងបានលើកសរសើរកងកម្លាំងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ចំពោះការងារបង្ក្រាបបទល្មើសគ្រឿងញៀន បន្ថែមទៀត ដោយចាត់ទុកការងារនេះជាការងារ អាទិភាពទាំងអស់គ្នាចូលរួម៕