រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជួបពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លើការងារសំខាន់ៗមួយចំនួន
ភ្នំពេញ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យឯកឧត្តម MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារ។
ក្នុងជំនួបភាគីទាំងពីរបានពិភាក្សាគ្នាលើការងារសំខាន់ៗមួយចំនួន រួមមាន៖
១-ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យច្បាប់ និងយុត្តិធម៌រវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ជាពិសេស ការអនុវត្តគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ដំណាក់កាលទី៦ ដែលត្រូវចាប់ផ្តើមក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ និងការងារពាក់ព័ន្ធនឹងការអភិវឌ្ឍវិស័យច្បាប់និងយុត្តិធម៌របស់កម្ពុជាមួយចំនួនផ្សេងទៀត។
២-ការរៀបចំកិច្ចប្រជុំពិសេសរបស់រដ្ឋមន្ត្រីច្បាប់អាស៊ាន-ជប៉ុនដែលគ្រោងនឹងរៀបចំឡើងនៅប្រទេសជប៉ុន ក្នុងឆ្នាំ២០២៣ ខាងមុខនេះ
៣-ការលើកកម្ពស់ការផ្សព្វផ្សាយអំពីចំណេះដឹងផ្នែកច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជូនដល់សាធារណជនឱ្យកាន់តែទូលំទូលាយ៕