អតីតនាយករដ្ឋមន្ត្រីជប៉ុន រងការបាញ់ប្រហារ
តូក្យូ៖ ប៉ូលិសជប៉ុនបានចាប់ខ្លួនជនសង្ស័យជាបុរសម្នាក់ បន្ទាប់ពីអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ សិនហ្សូ ត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយ រងការបាញ់ប្រហារកំឡុងពេលថ្លែងសុន្ទរកថាមួយក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជបុន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន NHK នៅថ្ងៃសុក្រ ទី៨ ខែកក្កដា ឆ្នាំ២០២២។
NHK បានឱ្យដឹងទៀតថា មានស្នូរគ្រាប់កាំភ្លើងត្រូវបានគេឮ នៅពេលលោក អាបេ កំពុងថ្លែងសុន្ទរកថាសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតមួយនៃបេក្ខជនមកពី គណបក្សសេរីប្រជាធិបតេយ្យ ខណៈការបោះឆ្នោតសភាជាន់ខ្ពស់ជប៉ុននឹងធ្វើឡើងនៅថ្ងៃអាទិត្យចុងសប្ដាហ៍នេះ។ មកទល់នឹងពេលនេះគេមិនទាន់ដឹងពីស្ថានភាពរបស់ លោក អាបេនោះទេ តែបើតាមសារព័ត៌មាន Jiji លោក អាបេ ហូរឈាមចេញពីក ហើយសន្លប់មិនដឹងខ្លួន និងមិនមានសញ្ញាសង្ឃឹមរស់ឡើយនៅពេលបញ្ជូនទៅមន្ទីរពេទ្យ៕