ពិធីបុណ្យ«រុក្ខទិវា» ៩ កក្កដា ប្រារព្ធធ្វើនៅខេត្តបាត់ដំបង
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធីបុណ្យ«រុក្ខទិវា» នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២ ដោយដាំកូនឈើ សរុបចំនួន ១៣,១០០ ដើមលើផ្ទៃដី ១០ ហិកតា ដែលស្ថិតនៅភូមិសំបូរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ការរៀបចំបុណ្យ រុក្ខទិវា ៩ កក្កដា ក្នុងគោលបំណងបំផុសស្មារតីដល់ប្រជាពលរដ្ឋ គ្រប់ទីកន្លែងឱ្យចូលរួមដាំដើមឈើ ដើម្បីបង្កើនគម្របព្រៃឈើ និងការគ្រប់គ្រងបរិស្ថាន ចូលរួមរក្សាអភិវឌ្ឍសេដ្ឋកិច្ចសង្គម វប្បធម៌ ទេសចរណ៍ ការសិក្សាស្រាវជ្រាវ ប្រព័ន្ធការពារដីជម្រាល និងជីវចម្រុះ។ ជាមួយគ្នានោះ ក៏ជាព្រឹត្តិការណ៍លើកកម្ពស់ការយល់ដឹងដល់ប្រជាពលរដ្ឋ ពីសារៈសំខាន់នៃធនធានធម្មជាតិ បឈ្ឈប់ការកាប់បំផ្លាញព្រៃឈើ ការបរបាញ់ ដាក់អន្ទាក់សត្វដោយខុសច្បាប់ផងដែរ។
សូមបញ្ជាក់ថា ពិធីបុណ្យ « រុក្ខទិវា » គឺជាទិវាបំផុសចលនាដាំដុះដើមឈើដែល ជាប្រពៃណីដ៏ល្អផូរផង់ របស់ព្រះរាជាណាចក្រកម្ពុជា។ ទិវានេះ មានចាប់តាំងពី «សម័យសង្គមរាស្រ្តនិយម» ក្រោម ព្រះរាជបូជនីយកិច្ចផ្ដួចផ្ដើម និងដឹកនាំដោយព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ តាំងពីឆ្នាំ១៩៥២ រហូតមក។ ពិធីបុណ្យរុក្ខទិវា ៩ កក្កដា បានរៀបចំសាឡើងវិញ នៅឆ្នាំ២០២២ ក្រោយការអាក់ខាន២ឆ្នាំកន្លងមកនេះដោយសារតែ វិបត្តិឆ្លងនៃជម្ងឺកូវីដ១៩៕