មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំង នាំយកអំណោយរបស់ មេទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋដែលត្រូវ អគ្គិភ័យឆេះផ្ទះអស់ទាំងស្រុង ក្នុងស្រុករលាប្អៀរ
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២២ បានដឹកនាំក្រុមការងារមនុស្សធម៌ នាំយកអង្ករចំនួន ១០០គីឡូក្រាម ស៉ីម៉ង់ត៍ ០៤បេ ស័ង្កសី ៣៥សន្លឹក អាវរងា ០១អាវ មុង ០១ ម៉ាស់ ០២ប្រអប់ ជែលលាងដៃ ០៥ដប និងគ្រឿងពុះបរិភោគ ព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្នមុនី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់គ្រួសារប្រជាពលរដ្ឋឈ្មោះ ប្រាក់ ប៉ិច អាយុ៦៧ឆ្នាំ ជាស្រ្តីមេម៉ាយ ដែលត្រូវបានអគ្គិភ័យឆាបឆេះផ្ទះទំហំ ៦គុណ៧ម៉ែត្រ អស់ទាំងស្រុងកាលពីថ្ងៃទី០៧ ខែកក្កដា នៅភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ចូលរួមសោកស្តាយជាទីបំផុតរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ និងមានប្រសាសន៍ណែនាំដល់គ្រួសាររងគ្រោះត្រូវចេះប្រុងប្រយ័ត្នឲ្យបានខ្ពស់ចំពោះភ្លើងផ្សែង មិនអាចធ្វេសប្រហែសមួយវិនាទីណាបានឡើយ ដូចពាក្យចាស់ពោលថា “ស៊ូលិចទូកកណ្តាលទន្លេ កុំឲ្យភ្លើងឆេះផ្ទះ” ។
ក្រុមគ្រួសាររងគ្រោះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ព្រមទាំងក្រុមការងារដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋនៅក្នុងគ្រាលំបាក ៕