កម្ពុជាក្នុងនាមប្រធានអាស៊ាន ចង់ឱ្យភាគីពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់របស់ចិនជជែកគ្នា រកដំណោះស្រាយបន្ថយភាពតានតឹង
ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានលេីកឡេីងថា ក្នុងនាមប្រធានអាស៊ាន កម្ពុជាចង់ឱ្យភាគីពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់របស់ចិនជជែកគ្នារកដំណោះស្រាយបន្ថយភាពតានតឹងដើម្បីឈានទៅបញ្ចប់ជម្លោះ។
ថ្លែងក្នុងសន្និសីទសាព័ត៌មាន មុននិង បើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២២នេះ ឯកឧត្តមបណ្ឌិត គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ បានបញ្ជាក់ថា កម្ពុជាមិនចង់ឃើញភាពតានតឹងណាមួយកើតឡើង នៅកោះតៃវ៉ាន់របស់ចិនទេ ។
ឯកឧត្តម បញ្ជាក់ថា «កម្ពុជាគោរពគោលការណ៍ចិនតែមួយ ហើយយើងក៏ឃើញគោលការណ៍មួយនេះ ក្នុងការរក្សាស្ថិរភាព ក្នុងការរក្សាទំនាក់ទំនងរវាងចិន និងតៃវ៉ាន់ និងសហរដ្ឋអា មេរិកផងដែរ ដូច្នេះ ខ្ញុំសង្ឃឹមថា គ្រប់ភាគីពាក់ព័ន្ធនឹងបន្តគោលការណ៍មួយនេះ និងឯក សារពាក់ព័ន្ធដើម្បីជាមូលដ្ឋានគ្រឹះ ក្នុងការគ្រប់គ្រងទំនាក់ទំនងរបស់ពួកគាត់ ក៏ដូចជាឈានទៅការពិភាក្សាណាមួយក្នុងការកសាងជំនឿទុកចិត្តរវាងគ្នា រហូតស្វែងរកដំណោះស្រាយ សម្រាប់ជាប្រយោជន៍ប្រជាជនទាំងអស់ក្នុងតំបន់»។
ឯកឧត្តមបន្តថា នៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥នេះ នឹងមានប្រធានបទមួយពាក់ព័ន្ធទៅនឹងបញ្ហាតំបន់ និងបញ្ហាសកល ដូច្នេះ រដ្ឋមន្ត្រីការបរទេសទាំងអស់ ក៏នឹងប្រហែលលើកយកបញ្ហានេះ មកពិភាក្សាផ្លាស់ប្តូរយោបល់ ក៏ដូចជាស្វែងរកចំណុចរួមណាមួយ ដើម្បីអាស៊ានអាចចូលរួមចំណែក ក្នងការសម្របសម្រួល ឬបញ្ចេញមតិយោបល់ដើម្បីធ្វើយ៉ាងណាឱ្យស្ថានភាពនៅកោះតៃវ៉ាន់របស់ចិន មិននាំឱ្យកើតមានជម្លោះ ឬកម្តៅនយោបាយ រវាងភាគីពាក់ព័ន្ធទាំងអស់។
យ៉ាងណាក៏ដោយ ឯកឧត្តមបណ្ឌិត គង់ ភោគ បានបញ្ជាក់ថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់មានគម្រោងចេញ នូវសេចក្តីថ្លែងការណ៍ណាមួយជាផ្លូវការ ជុំវិញភាពតានតឹងនេះនៅឡើយទេ។
សូមបញ្ជាក់ថា ភាពតានតឹងរវាងប្រទេសចិន និងសហរដ្ឋអាមេរិកនេះ បានផ្តើមចេញពី លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តអាមេរិកបានទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ កាលពីថ្ងៃទី២ ខែសីហា ឆ្នាំ ២០២២ ខណៈដែលភាគីចិនចាត់ទុកថា នេះជាការបង្កហេតុក្នុងចេតនាអាក្រក់ដើម្បីបង្កើតវិបត្តិ៕