បទអត្ថាធិប្បាយ៖ដំណើទស្សនកិច្ចប្រធានសភាតំណាងរាស្រ្តអាមេរិកនៅកោះតៃវ៉ាន់របស់ចិនគឺជាឥរិយាបថបង្ករឿងយ៉ាងច្បាស់
ភ្នំពេញ៖ អ្នកវិភាគនៅកម្ពុជាបានចាត់ទុកថា ការព្យាយាមទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ របស់លោក ស្រី Pelosi ប្រធានសភាតំណាងរាស្រ្តអាមេរិកកាលពីពេលថ្មីៗនេះ គឺជាចេតនាបង្កហេតុក្នុងចេតនាអាក្រក់នាំឱ្យមានការយាយីគម្រាមកំហែងនៅក្នុងតំបន់ និងសកលលោក។
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានយល់ឃើញថា ដំណើទស្សនកិច្ចរបស់លោក ស្រី Pelosiនៅតៃវ៉ាន់គឺជាឥរិយាបថ បង្កហេតុមួយ ហើយអាចធ្វើឱ្យមានផលវិបាកផ្សេងៗដែលយើងពិបាកនិងប៉ាន់ស្មានដល់ ។ វាក៏បានបង្កឱ្យប៉ះពាល់ដលទំនាក់ទំនងរវាងចិន និងអាមេរិក ព្រមទាំងអាចបង្កឱ្យមានអសន្តិសុខតំបន់ និងពិភពលោកផងដែរ។ ប្រទេសនានារួមទាំងអាមេរិកផងដែរ សុទ្ធតែបានទទួលស្គាល់គោលការណ៍ចិនតែមួយ ដូច្នេះដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ទាំងឡាយណា មកកាន់កោះតៃវ៉ាន់គឺជាការរំលោភនូវគោលការណ៍ចិនតែមួយ ហើយអាចនិយាយបានថា រំលោភបន្ទាត់ក្រហមរបស់ប្រទេសចិន។
លោកបណ្ឌិតបញ្ជាក់ថា ការគោរពគ្នាទៅវិញទៅមករវាងចិន និងអាមេរិកគឺមានសារៈសំខាន់ណាស់ក្នុងការថែរក្សាសន្តិសុខ និងការអភិវឌ្ឍសកលលោក។
សំឡេង៖ «ចិននិងអាមេរិកមានកាតព្វកិច្ចធំណាសក្នុងការថែរក្សាសន្តិភាព ប្រទេសទាំងពីរមានការងារច្រើនណាស់ត្រូវធ្វើ ទាំងការថែរក្សាស្ថេរភាពសន្តិសុខស្បៀង ថាមពល ឧស្សាហកម្ម និងការខ្សែច្រវ់ាក់ផ្គត់ផ្គង់សកល ។ អ៊ីចឹងទេ ឥរិយាបថបង្កហេតុណាមួយត្រូវចៀសវាងកុំឱ្យពិភពលោកធ្លាក់ចូលក្នុងភ្លើងសង្គ្រាម»។
ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ លោកជា ច័ន្ទបរិបូរណ៍អ្នកវិភាគសង្គមនៅកម្ពុជាបានកោតសរសើរនូវការអតធ្មត់ខ្ពស់របស់ប្រទេសចិន ដែលមិនប្រើប្រាស់អាវុធ កាលពីថ្ងៃទី២ ខែសីហា វេលាម៉ោង៩ និង២០នាទី នៅពេលយន្តហោះរបស់លោក ស្រី Pelosi ប្រធានសភាតំណាងរាស្រ្តអាមេរិកទៅដល់តៃវ៉ាន់។
លោកយល់ឃើញថា ដំណើរទស្សនកិច្ចរបស់លោក ស្រី Pelosi អាចឆ្លុះបញ្ចាំង ឱ្យឃើញ២ចំណុច ៖ ទី១ ៖ គេមើលឃើញថា ការគោរពគោលការណ៍ចិនតែមួយរបស់អាមេរិកស្មើនឹងចាប់ដៃជាន់ជើង និងចំណុចទី២ គឺភ្នែកពិភពលោកបានមើលឃើញនិងឱ្យតម្លៃខ្ពស់ចំពោះប្រទេសចិនដែលបានអតធ្មត់ខ្ពស់នៅការព្រឹត្តិការណ៍នោះ ។ យ៉ាងណាក៏ដោយ លោកជាច័ន្ទបរិបូរណ៍បានចាត់ទុក ដំណើរលោក ស្រី Pelosi ប្រធានសភាតំណាងរាស្រ្តអាមេរិកទៅដល់តៃវ៉ាន់នេះ គឺត្រូវបានគេមើលឃើញថា អាមេរិកមិនមានភាពស្មោះត្រង់ឡើយ ។
លោកបណ្ឌិត ជាមុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានយល់ឃើញថា ការទៅតៃវ៉ាន់របស់លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តអាមេរិកនេះ ចិនក្នុងនាមជាអ្នកថែរក្សាសណ្តាប់ធ្នាប់តំបន់ និងគោរពធម្មនុញរបស់អង្គការសហប្រជាជាតិ និងក្នុងនាមប្រទេសដែលប្រកាន់ភ្ជាប់ការទូតបែបសហវជ្ជមានបានជូនដំណឹងដល់ភាគីអាមេរិក និងពិភពលោករួចទៅហើយ ចំពោះដែនអធិបតេយ្យភាពរបស់ចិន ហើយពាក់ព័ន្ធតៃវ៉ាន់ ជាការរម្លឹកឡើងវិញនូវកិច្ចព្រមព្រៀងផ្សេងៗ រវាងអាមេរិក និងចិនដោយឈរលើគោលការណ៍ចិនតែមួយ។
មួយវិញទៀត លោកបណ្ឌិតបានវាយតម្លៃខ្ពស់ចំពោះប្រទេសចិន បើទោះបីជាលោកស្រី Pelosi នៅតែជន្នះឱ្យបានទៅដល់តៃវ៉ាន់ ក៏ដោយ ក៏ចិននៅតែរក្សាភាពអតធ្មត់របស់ខ្លួនក្នុងនាមជាអ្នកថែរក្សាបានសន្តិសុខសកល និងការអភិវឌ្ឍសកល។
លោកបណ្ឌិត ជា មុនីឫទ្ធិបានហៅលោកស្រី Pelosi ថា ជាឈ្នួនអសន្តិសុខសកល បាននឹងកំពុងរុញច្រានឱ្យពិភពលោក មានការយាយី គម្រាមកំហែងដល់សន្តិសុខសកល ហើយប្រទេសចិនជាអ្នកថែរក្សា ខិតខំការពារ សន្តិភាព តាមរយៈការប្រគាកស្មាជាមួយបណ្តាប្រទេសនានា រួមទាំងសហរដ្ឋអាមេរិកផងដែរ ក្នុងការគោរពបាននូវធម្មនុញរបស់អង្គការសហប្រជាតិ គោរពបានសណ្តាប់ធ្នាប់សកល និងការចូលរួមថែរក្សាសន្តិភាពពិភពលោក។
ជាមួយគ្នានេះដែរ លោកបណ្ឌិត បានបញ្ជាក់ថា ការមកដល់របស់លោកស្រី Pelosi មកកាន់តៃវ៉ាន់ គឺបានបង្ហាញយ៉ាងច្បាស់ និងមិនមានការលាក់លាម និងមហិចតា ឬ ក៏អនុត្តរភាពរបស់អាមេរិក ដែលតែងតែបង្កបញ្ហា និងបញ្ឆេះនូវសង្គ្រាម តែងតែបំផ្លាញនូវសន្តិសុខ ជាពិសេសបំផ្លាញសណ្តាប់ធ្នាប់ដែលមិនគោរព មិនអើពើនូវធម្មនុញរបស់អង្គការសហប្រជាជាតិ និងជាន់ឈ្លីកិច្ចព្រមព្រៀងចិនតែមួយនេះ។
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនរួបនេះ បានចាត់ទុកគោលការណ៍សហគមន៍ជោគវាសនារួមរបស់មនុស្សជាតិ នៅតែជាជម្រើសអាទិភាពសម្រាប់ប្រទេសចិនក្នុងការថែរក្សាបានសុខសន្តិភាពសម្រាប់តំបន់ និងពិភពលោក បើទោះបីជាដំណើរទស្សនកិច្ចរបស់លោកស្រី ប្រជានសភាតំណាងរាស្រ្តអាមេរិកទៅដល់តៃវ៉ាន់ កំពុងតែឈ្លានពាន និងមិនគោរពទៅដល់ដែនអធិបតេយ្យភាព បូរណភាពទឹកដីរបស់ចិន យ៉ាងណាក៏ដោយ។
សរុបសេចក្តីមក ដើម្បីឱ្យពិភពលោកគេចផុតពីភ្លើងសង្គ្រាម និងវិបត្តិផ្សេងៗនោះ មានតែបណ្តារដ្ឋនានា និងមហាអំណាចទាំងអស់រួមគ្នាដោះស្រាយបញ្ហានានា ដោយសន្តិវិធី គោរពនូវដែនអធិបតេយ្យភាព បូរណភាពដែនដីប្រទេសនីមួយៗ គោរពនូវធម្មនុញភាពអង្គការសហប្រជាជាតិប៉ុណោះ ទើបពិភពលោកមានសន្តិភាពពេញលេញ ប្រជាជនអាចរស់នៅប្រកបដោយភាពសុខសាន្ត និងការអភិវឌ្ឍលើគ្រប់វិស័យ៕
(អត្ថបទ៖ វិទ្យុមិត្តភាពកម្ពុជាចិន)