ឧត្តមសេនីយ៍ត្រី អ៊ុ សុភា បន្តនាំយកអំណោយរបស់ មេទ័ពជើងគោក និងលោកជំទាវ ឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន និងពលរដ្ឋទីទ័លក្រ ១១គ្រួសារ នៅក្រុងកំពង់ឆ្នាំង
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត នៅព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ បានដឹកនាំក្រុមការងារមនុស្សធម៌របស់អង្គភាព សហការជាមួយអាជ្ញាធរក្រុងកំពង់ឆ្នាំង នាំយកអង្ករគ្រឿងឧបភោគបរិភោគ អាវរងា មុង ម៉ាស់ ជែលលាងដៃ រួមនឹងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ឧបត្ថម្ភដល់គ្រួសារអតីតយុទ្ធជន ប្រជាពលរដ្ឋរងគ្រោះ និងប្រជាពលរដ្ឋជាស្រ្តីមេម៉ាយទីទ័លក្រចំនួន១១គ្រួសារ មកពីសង្កាត់ទាំង៤ ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ឯកឧត្តម មេបញ្ជាការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខរបស់ ឯកឧត្តម មេបញ្ជាការ កងទ័ពជើងគោក និងលោកជំទាវ ដល់គ្រួសារប្រជាពលរដ្ឋទាំង១១គ្រួសារ ។
ឯកឧត្តម បានបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ទីកន្លែងគ្រប់កាលៈទេសៈ ហើយតែងតែសួរនាំអំពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈ ឯកឧត្តមផ្ទាល់ ។ ទីណាមានប្រជាពលរដ្ឋជួបការលំបាកទីនោះតែងមាន ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ។
គួររំលឹកថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ កន្លងទៅ ឯកឧត្តម មេបញ្ជាការ ក៏បាននាំយកអំណោយរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភដល់ គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋជាស្ត្រីមេម៉ាយទីទ័លក្រចំនួន ១៣គ្រួសារ នៅក្នុងស្រុករលាប្អៀរ ផងដែរ ។
ក្រុមគ្រួសារប្រជាពលរដ្ឋទាំង១១គ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម ហ៊ុន ម៉ាណែត និងលោកជំទាវ ឯកឧត្តម មេបញ្ជាការ ព្រមទាំងក្រុមការងារដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ៕
អ៊ុ សុភា