អគ្គនាយករង ប.ស.ស. អញ្ជើញបិទវគ្គបណ្តុះបណ្តាលផ្ទៃក្នុង ជូនដល់បុគ្គលិក ប.ស.ស. ដែលទើបចូលបម្រើការងារថ្មី
ភ្នំពេញ៖ នាថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសនៃការបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម ម៉េង ហុង អគ្គនាយករង ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ឯកឧត្តម បានធ្វើការសំណេះសំណាល ព្រមទាំងផ្ដាំផ្ញើដល់ប្អូនៗដែលជាបុគ្គលិកថ្មី ដែលទើបចូលបម្រើការងារក្នុង ប.ស.ស. ទាំងអស់ ត្រូវខិតខំប្រឹងប្រែងបំពេញការងារទៅតាមលក្ខណៈបច្ចេកទេសការងាររៀងៗខ្លួន បន្ទាប់ពីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ដ៏ល្អ ក្នុងរយៈពេលនៃវគ្គបណ្ដុះបណ្ដាលកន្លងមកនេះ ជាពិសេសត្រូវខិតខំពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួនឱ្យកាន់តែល្អប្រសើបន្ថែមទៀត នឹងត្រូវចូលរួមប្រតិបត្តិនូវការគោរពវិន័យការងារឱ្យបានខ្ជាប់ខ្ជួន រក្សាសាមគ្គីភាពផ្ទៃក្នុង និងបំពេញការងារប្រកបដោយការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ ឯកឧត្តម ម៉េង ហុង អគ្គនាយករង ប.ស.ស. ក៏បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោក លោកស្រី ដែលជាគ្រូបង្គោល ដែលបានធ្វើការបង្ហាត់បង្ហាញ ចែករំលែកនូវចំណេះដឹង និងបទពិសោធន៍ការងារកន្លងមក ហើយជាពិសេសប្អូនៗទាំងអស់ ដែលបានចូលរួមប្រកបដោយការយកចិត្តទុកដាក់សិក្សារៀនសូត្រ ក្រេបជញ្ជក់យកចំណេះដឹងអស់រយៈពេល ៥ថ្ងៃកន្លងមក ដែលនេះបង្ហាញយ៉ាងច្បាស់ពីការកសាងសមត្ថភាពធនធានមនុស្ស ដែលជាយុទ្ធសាស្រ្តមួយ ក្នុងចំណោមយុទ្ធសាស្រ្តអាទិភាពដែល ប.ស.ស. បានកំណត់យ៉ាងច្បាស់លាស់។
បន្ទាប់ពីវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តមអគ្គនាយករង ប.ស.ស. សង្ឃឹមយ៉ាងមុតមាំថា សិក្ខាកាមទាំងអស់ នឹងយកនូវចំណេះដឹង ព្រមទាំងបច្ចេកទេសការងារដែលទទួលបានទាំងអស់នេះ ទៅអនុវត្តការងារប្រកបដោយភាពជោគជ័យជូនអង្គភាពស្របទៅតាមវិជ្ជាជីវៈ នៃការអនុវត្តការងារប្រចាំ ដើម្បីធានាឱ្យបាននូវការផ្ដល់សេវាសាធារណៈរបស់ខ្លួនទៅកាន់សាធារណជន ពិសេសសមាជិក ប.ស.ស. ប្រកបដោយភាពជឿជាក់ គុណភាព និងប្រសិទ្ធភាពខ្ពស់ ។
សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលផ្ទៃក្នុងខាងលើមានរយៈពេល ៥ថ្ងៃ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១-៥ ខែសីហា ឆ្នាំ២០២២ នៅសាលាប្រជុំធំ ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពីសិក្ខាកាមសរុបប្រមាណជា ២០០នាក់៕