សម្ដេចតេជោ ប្រាប់ប្រមុខការទូតជប៉ុនថា សម្ដេចមានអារម្មណ៍ដូចគ្នា ចំពោះការបាត់បង់បងប្រុស និងលោកអាបេ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការបាត់បង់ឯកឧត្តម Shinzo Abe គឺសម្ដេចមានអារម្មណ៍ដូចគ្នាទៅនឹង ការបាត់បង់បងប្រុសរបស់សម្ដេច ដែលហាក់បីដូចជាលឿនពេក ដែលធ្លាប់បានធ្វើការរួមគ្នា ហើយឯកឧត្តម Abe បានធ្វើការជាមួយកម្ពុជា និងមានស្នាដៃជាច្រើន រួមទាំងជាមួយអាស៊ានមេគង្គផងដែរ ។
នាព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា(HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេសជប៉ុន ។
ក្នុងជំនួបនោះឯកឧត្តម ហាយ៉ាស៊ិ យ៉ុស៊ិម៉ាសា ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចតេជោ ចំពោះរាជរដ្ឋាភិបាលកម្ពុជា និងដល់ប្រជាជនកម្ពុជា ដែលបានសំដែងមរណទុក្ខដ៏ក្រៀមក្រំចំពោះមរណភាពរបស់ឯកឧត្តម Shinzo Abe អតីតនាយករដ្ឋមន្ត្រីជប៉ុន ។ ឯកឧត្តមបានមានប្រសាសន៍ថា នេះគឺជាកាយវិការដ៏ប្រពៃបំផុតរបស់កម្ពុជា ប្រកបដោយក្តីគោរពគោរព និងក្តីស្រឡាញ់។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន សូមចូលរួមរំលែកទុក្ខចំពោះការបាត់បង់ថ្នាក់ដឹកនាំ គឺអតីតនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម Shinzo Abe ដែលជាមិត្តដ៏ល្អរបស់កម្ពុជាផង និងជាមិត្តល្អរបស់សម្ដេចផង។
សម្ដេចតេជោបានមានប្រសាសន៍ថា «ការបាត់បង់ឯកឧត្តម Shinzo Abe គឺសម្ដេចមានអារម្មណ៍ដូចគ្នាទៅនឹង ការបាត់បង់បងប្រុសរបស់សម្ដេចផងដែរ ដែលវាហាក់បីដូចជាលឿនពេក ដែលធ្លាប់បានធ្វើការរួមគ្នា ហើយឯកឧត្តម Abe បានធ្វើការជាមួយកម្ពុជា និងមានស្នាដៃជាច្រើន រួមទាំងជាមួយអាស៊ានមេគង្គផងដែរ» ៕