អភិបាលខេត្តស្ទឹងត្រែង ចុះសួរសុខទុក្ខនិងនាំយកអំណោយផ្ដល់ជូនកុមារកំព្រា នៅមណ្ឌលកុមារកំព្រាផ្ទះកុមារស្រុកថាឡាបរិវ៉ាត់
ភ្នំពេញ៖ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង រួមទាំងថ្នាក់ដឹកនាំខេត្ត នៅរសៀលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយទៅផ្ដល់ជូនដល់កុមារកំព្រានៅមណ្ឌលកុមារកំព្រាផ្ទះកុមាស្រុកថាឡាបរិវ៉ាត់។
ក្នុងឱកាសនោះឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី បានយកចិត្តទុកដាក់និងគិតគូរពីសុខទុក្ខកុមារកំព្រាគ្រប់កន្លែងដើម្បីឲ្យក្មួយបានសិក្សារៀនសូត្រដូចកុមារដទៃទៀតដែរ។
ឯកឧត្តម បានផ្តាំផ្ញើដល់ប្អូនៗត្រូវចេះស្រឡាញ់គ្នាដូចបងប្អូន និងខិតខំរៀនសូត្រព្រោះប្អូនៗជាទំពាំងស្នងឬស្សី ត្រូវដើរតាមផ្លូវល្អ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើអប្បាយមុខផ្សេងៗដែលសង្គមស្អប់ខ្ពើម ប្អូនៗពិតជាក្លាយខ្លួនជាមនុស្សល្អ និងមានប្រយោជន៍សំរាប់អនាគតខ្លួន និងសង្គមជាតិ។ ជាពិសេសប្អូនៗត្រូវថែទាំសុខភាពឱ្យបានល្អដោយធ្វើអនាម័យជាប់ជាប្រចាំ និងអនុវត្តនូវវិធានការ ការពារ និងទប់ស្កាត់កុំឱ្យកើតមានជំងឺកូវីដ-១៩។
ឯកឧត្តមបន្តថា ដោយមើលឃើញពីតម្រូវការជាក់ស្តែង និងដើម្បីចូលរួមចំណែក របស់ប្អូនៗកូនក្មួយកុមាកំព្រាទាំងអស់ក្នុងមណ្ឌលកុមារ កំព្រាស្រុកថាឡាបរិវ៉ាត់នាពេលបច្ចុប្បន្ន ទើបរដ្ឋបាលខេត្តស្ទឹងត្រែងបានស្វែងរកជំនួយពីសប្បុរសជននានា រួមជាមួយថវិការបស់រដ្ឋបាលខេត្តដើម្បីផ្តល់ជូនជាស្បៀងអាហារ និងថវិកាជូលដល់មណ្ឌលកុមារកំព្រា។
សូមបញ្ជាក់ថា អំណោយដែលរដ្ឋបាលខេត្តស្ទឹងត្រែងបានប្រគល់ជូនមណ្ឌលកុមារកំព្រាផ្ទះកុមារថាឡាបរិវ៉ាត់នាពេលនេះ រួមមាន៖ អង្ករចំនួន ៥០០គ.ក្រ, មីចំនួន ៥០កេស, ប្រេងឆាចំនួន ៤កេស, ទឹកត្រី ចំនួន ៤កេស, ទឹកស៊ីអីវចំនួន ៤កេស, ទឹកតែចំនួន ៤កេស, ស្ករសចំនួន ៥០កញ្ចប់, ធុងជ័រចំនួន ២០ធុង នឹងថវិការបស់រដ្ឋបាលខេត្ត ចំនួន ១ លានរៀល នឹង ថវិកាផ្ទាល់របស់ ឯកឧត្តម ស្វាយ សំអ៊ាង និងលោកជំទាវ ចំនួន ៣០០ដុល្លារបន្ថែម។
នៅរសៀលថ្ងៃដដែល ឯកឧត្តម អភិបាលខេត្ត បានបន្តដំណើរចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយរបស់មន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនិតិសប្បទាខេត្ត និងថវិការផ្ទាល់ខ្លួនចំនួន២០០$ជូនទៅលោក សុង សុវណ្ណ អតីតមន្ត្រីបំរើការនៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត ដែលបានចូលនិវត្តន៍ និងកំពុងមានជំងឺប្រចាំកាយផងដែរ៕