អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចុះពិនិត្យមើលស្ថានភាពទឹក នៅក្នុងអាងទឹកអន្លង់ជ្រៃ ក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ
ភ្នំពេញ៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយ លោក សាន់ យូ អភិបាលរងខេត្ត លោកអភិបាលស្រុក និងមន្ត្រីពាក់ព័ន្ធមួយចំនួន នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ បានចុះពិនិត្យមើលស្ថានភាពទឹក នៅក្នុងអាងទឹកអន្លង់ជ្រៃ ក្នុងឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ។
យោងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ ស្ថានភាពអាកាសធាតុ នៅប្រទេសកម្ពុជាយើង ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ នឹងមានភ្លៀងបន្តធ្លាក់ស្ទើរគ្រប់ទីកន្លែង ដែលអាចធ្វើឱ្យតំបន់ផ្ទៃរងទឹកភ្លៀង និងបណ្ដាខេត្តមួយចំនួន ទទួលបរិមាណទឹកភ្លៀងកើនឡើងបន្ថែមទៀត ដែលនឹងអាចបង្កជាជំនន់ទឹកភ្លៀងសារជាថ្មី។ ពិនិត្យជារួម កម្រិតទឹកនៅក្នុងអាងមានការកើនឡើង ប៉ុន្តែមិនទាន់មានបញ្ហាប្រឈមអ្វីទេ ហើយខ្ញុំបានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីប្រចាំការធ្វើការរាយការណ៍ពីស្ថានភាពទឹកជាប្រចាំ និងបើកទ្វារបង្ហូរទឹកសន្សឹមៗកុំឱ្យមានការជន់លិចនៅផ្នែកខាងក្រោម។
អាងទឹកអន្លង់ជ្រៃ គឺជាអាងរក្សាទុកទឹកភ្លៀងដ៏ធំមួយ សម្រាប់ប្រជាពលរដ្ឋនៅតំបន់នោះ និងតំបន់នៅផ្នែកខាងក្រោមប្រើប្រាស់។ នៅពេលមានភ្លៀងធ្លាក់ច្រើន ទឹកក្នុងអាងនឹងហក់ឡើង ហើយអាជ្ញាធរមូលដ្ឋាន និងមន្ត្រីប្រចាំការនឹងបើកទ្វារទឹកទៅតាមកម្រិតនៃសន្ទុះទឹក ហើយទឹកនឹងហូរធ្លាក់ចុះមកផ្នែកខាងក្រោមតាមដងស្ទឹងក្រាំងពន្លៃ ដែលនឹងអាចហូរច្រាល់ខ្លាំងនៅត្រង់កំណាត់ផ្លូវជាតិលេខ៥ ចន្លោះ គ.ម ៤០-៤១ ត្រង់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង និងស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។
កន្លងមកនេះ ឯកឧត្តមអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត តែងបានចាត់ក្រុមការងារខេត្ត ស្រុក មន្ទីរជំនាញពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ច ដោយសហការជាមួយក្រុមហ៊ុនជប៉ុនសាងសង់ផ្លូវជាតិលេខ៥ ចុះអន្តរាគមន៍ដោះស្រាយបញ្ហាទឹកហូរច្រាល់ខ្លាំងត្រង់កំណាត់ផ្លូវជាតិលេខ៥ ចន្លោះ គ.ម ៤០-៤១ និងជួយសម្រួលចរាចរកុំឲ្យមានការកកស្ទះ ក៏ដូចជាបង្ការកុំឲ្យគ្រោះថ្នាក់ជាយថាហេតុដល់ប្រជាពលរដ្ឋធ្វើដំណើរ៕