បទវិភាគ៖ការបំភ្លេចប្រវត្តិសាស្ត្រគឺជាទង្វើក្បត់ ជប៉ុនគួរតែចាត់ទុកប្រវតិ្តសាស្ត្រជាមេរៀន
អន្តរជាតិ៖ ថ្ងៃទី១៥ ខែសីហា ឆ្នាំនេះ ជាខួបទី៧៧នៃការទទួលបរាជ័យលើសង្គ្រាមលោកលើកទី២និងការប្រកាសចុះចាញ់ដោយគ្មានលក្ខខណ្ឌរបស់ជប៉ុន ។ ប៉ុន្តែអ្វីដែលធ្វើឱ្យពិភពលោកព្រួយបារម្ភ គឺយោធានិយមបាននិងកំពុងងើបឡើងវិញជាសន្សឹមៗនៅប្រទេសជប៉ុន ហើយប៉ុនប៉ងលុបបំបាត់ចោលការរឹតត្បិតពីធម្មនុញ្ញសន្តិភាពទៀតផង ។ ជាពិសេស នាពេលថ្មីៗកន្លងទៅនេះ ទង្វើបង្ករឿងហេតុរបស់អ្នកនយោបាយជប៉ុនមួយចំនួន ធ្វើឱ្យអ្នកផងទាំងពួងមានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ។
នាពេលមុននេះមិនជាយូរប៉ុន្មាន លោកស្រី Pelosi ប្រធានសភាតំណាងរាស្រ្តរបស់អាមេរិកបានធ្វើដំណើរទៅដល់តំបន់ចិនតៃវ៉ាន់ ដោយល្មើសនឹងគោលការណ៍ប្រទេសចិនមួយ ហើយបានរងការថ្កោលទោសពីប្រទេសចំនួនជាង១៧០និងអង្គការអន្តរជាតិជាច្រើន ។ ប៉ុន្តែជប៉ុនបានធ្វើផ្ទុយពីគេ ខណៈពេលលោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនជួបសន្ទនាជាមួយលោកស្រី Pelosi លោកបាននិយាយដោយខុសទំនងថា សកម្មភាពសមយុទ្ធដែលចិនបានធ្វើនៅតំបន់ជំរុញច្រកសមុទ្រតៃវ៉ាន់ “បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខជាតិរបស់ជប៉ុន” ព្រមទាំងព្រលយសម្តីថា “ជប៉ុននិងអាមេរិកនឹងរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៃតំបន់ច្រកសមុទ្រតៃវ៉ាន់” ។ ក្រៅពីនេះជប៉ុនក៏បានរួមជាមួយប្រទេសG7 ផ្សេងទៀងនិងសហភាពអឺរ៉ុបប្រកាសអ្វីដែលហៅថាសេចក្តីថ្លែងការណ៍រួម ក្នុងន័យជួយឃោសនាបំប៉ោងពីទង្វើរបស់អាមេរិកដែលបានបំពានអធិបតេយ្យភាពរបស់ចិន ។
ក្នុងបញ្ហាតៃវ៉ាន់ ជប៉ុនបានជំពាក់បំណុលប្រជាជនចិនក្នុងប្រវត្តិសាស្ត្រ ។ កាលពីឆ្នាំ១៨៩៥ ចក្រពតិ្តនិយមជប៉ុនបានឆក់យកកោះតៃវ៉ាន់និងកោះPenghu តាមរយៈការបំផុសសង្គ្រាមឈ្លានពាន ហើយបានធ្វើការត្រួតត្រាអាណានិគមអស់រយៈពេលពាក់កណ្តាលសតវត្សរ៍ បានសម្លាប់រង្គាលជនរួមជាតិតៃវ៉ាន់ចំនួនជាង៦សែននាក់ហើយបានឆក់យកប្រភពធនធានក្នុងតំបន់យ៉ាងច្រើនសន្ធឹក ដែលបាននាំមកនូវគ្រោះមហន្តរាយយ៉ាងធ្ងន់ធ្ងរដល់កោះតៃវ៉ាន់ ។
បន្ទាប់ពីជប៉ុនសុំចុះចាញ់ក្នុងសង្គ្រាមលោកលើកទីពីរ ដោយគិតពីផលប្រយោជន៍ផ្ទាល់ខ្លួន អាមេរិកមិនបានជម្រះបញ្ជីឱ្យដាច់ស្រេចចំពោះយោធានិយមរបស់ជប៉ុននោះទេ ។ ប្រការនេះបណ្តាលឱ្យពួកស្តាំនិយមរបស់ជប៉ុនមិនត្រឹមតែមិនបានពិចារណាកំហុសរបស់ខ្លួនក្នុងប្រវត្តិសាស្ត្រឈ្លានពានប៉ុណ្ណោះទេ ផ្ទុយទៅវិញពួកគេមិនអាចបំភ្លេចបាននូវភាពបរាជ័យក្នុងសង្គ្រាមលោកលើកទីពីរ គិតរហូតដល់បច្ចុប្បន្ននេះពួកគេនៅតែមានចៃតនាលូកដៃចូលក្នុងបញ្ហាតៃវ៉ាន់ទៀត ។ នាពេលថ្មីៗកន្លងទៅនេះ កាសែត«Lianhezaobao»របស់សិង្ហបុរីបានចុះផ្សាយអត្ថបទ ដោយលើកឡើងថា បច្ចុប្បន្ននេះ ជប៉ុនកំពុងស្វែងរក “ការមានភាពរុងរឿងឡើងវិញ”ជាថ្មីម្តងទៀត ហើយសង្ឃឹមថានឹងបង្ករឿងហេតុក្នុងបញ្ហាតៃវ៉ាន់ឱ្យបានកាន់តែខ្លាំងឡើងៗ ក្នុងគោលបំណងរារាំងការបង្រួបបង្រួមជាតិរបស់ប្រទេសចិន ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនបានរករឿងក្នុងបញ្ហាតៃវ៉ាន់ជាញឹកញាប់ វាក៏មានការគិតគូរពីផលប្រយោន៍ជាក់ស្តែងផងដែរ ។ ជប៉ុនបានឃុបឃិតគ្នាជាមួយអាមេរិកហើយសុខចិត្តធ្វើជាទ័ពស្រួចរបស់“យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក”របស់អាមេរិក ដើម្បីទប់ស្កាត់ការអភិវឌ្ឍរបស់ប្រទេសចិន ក៏ដូចជាធ្វើឱ្យចិននិងអាមេរិកមានទំនាក់ទំនងកាន់តែផុយស្រួយ ឆក់យកឱកាសទទួលបានផលប្រយោជន៍និងបង្កបង្កើតលេស ដើម្បីបន្ថែមថវិកាយោធា ពង្រីកកម្លាំងយោធានិងជំរុញការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញសន្តិភាព ។
ការបំភ្លេចប្រវតិ្តសាស្ត្រគឺជាទង្វើក្បត់ ការបដិសេធទោសគឺមានន័យថាប្រហែលនឹងប្រព្រឹតិ្តបទឧក្រិដ្ឋជាថ្មីម្តងទៀត ។ អ្នកនយោបាយជប៉ុនមិនគួរបំភ្លេចបាននូវគ្រោះមហន្តរាយដែលជប៉ុនបាននាំមកដល់ប្រទេសជិតខាងនៅអាស៊ីនោះឡើយ ជាងនេះទៅទៀត ត្រូវពិចារណាកំហុសរបស់ខ្លួនគ្រប់ពេលវេលានិងចាត់ទុកប្រវតិ្តសាស្ត្រជាមេរៀន ក៏ដូចជាបញ្ឈប់ទង្វើប្រកបដោយគ្រោះថ្នាក់ដែលចង់លុបចោលការដាក់កំហិតទៅលើយោធានិយមផងដែរ ៕
វិទ្យុមិត្តភាពកម្ពុជាចិន