សម្តេចតេជោ ណែនាំឱ្យគ្រឹះស្ថានសិក្សា យកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យគ្រឹះស្ថានសិក្សាទាំងអស់ យកចិត្តទុកដាក់ពង្រឹងគុណភាពអប់រំ មិនអាចឲ្យមានតែសញ្ញាបត្រ ហើយគ្មានចំណេះដឹង និងជំនាញនោះទេ ។
នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា គ្រឹះស្ថានសិក្សាដែល មិនមានគុណភាពអបរំ នឹងដួលរលំ ។
សម្តេចតេជោបន្ថែមថា ការសម្រេចចិត្តរបស់សម្តេច ឱ្យវិស័យឯកជនចូលរួមវិនិយោគលើវិស័យអប់រំ និងឲ្យសាលារដ្ឋយកថ្លៃសិក្សា គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ ។
សម្តេចតេជោគូសបញ្ជាក់ថា ប្រទេសកម្ពុជា មានតម្រូវការ «ជាង» ច្រើន ហើយអ្នករៀនជំនាញវិជ្ជាជីវៈផ្សេងៗ គឺមានឱកាសការងារច្រើន ៕