រដ្ឋមន្ត្រីក្រសួងវប្បធម៌ ថ្លែងអំណរគុណឯកអគ្គរាជទូតអង់គ្លេស ដែលបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌
ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានថ្លែងអំណរគុណដល់ឯកអគ្គរាជទូតអង់គ្លេស ដែលបានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌។
លោកជំទាវភឿង សកុណា បានថ្លែងបែបនេះ នៅក្នុងឳកាសដែលលោកជំទាវ Tina Redshaw ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃចក្រភពអង់គ្លេសប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងពេលដែលលោកជំទាវបញ្ចប់អាណត្តិការទូតនៅកម្ពុជា កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២។
នៅក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានលើកឡើងពីសមទ្ធិផលនានាក្រោមកិច្ចសហប្រតិបត្តិការវប្បធម៌កម្ពុជា-ចក្រភពអង់គ្លេស រួមទាំងបេតិកភណ្ឌវប្បធម៌រូបី និងអរូបី ។
លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ចក្រភពអង់គ្លេស ដែលមានលោកជំទាវ Tina Redshaw ឯកអគ្គរាជទូត នាអាណត្តិប៉ុន្មានឆ្នាំកន្លងមកនេះ បានជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ទាំងរូបិយ និងអរូបិយដូចជា៖ ការរៀបចំការប្រគំតន្រ្តីរួមគ្នាជាមួយកម្ពុជាជារៀងរាល់ឆ្នាំ, បានបញ្ជូនវត្ថុបុរាណមកកម្ពុជាវិញជាច្រើនលើក និងបានផ្តល់អាហាររូបករណ៍ដល់មន្ត្រីក្រសួងបានទៅសិក្សារយ:ពេលខ្លី និងវែងនៅចក្រភពអង់គ្លេស៕