សូមមានការប្រុងប្រយ័ត្នជាមួយនឹងការប្រើប្រាស់កម្មវិធីគេហទំព័រ ដែលមាននៅក្នុងកម្មវិធី TikTok
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កាលពីពេលថ្មីៗនេះក្រុមអ្នក ស្រាវជ្រាវបាន រកឃើញថា កម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី TikTok (in-app browser) មានបង្កប់ជាមួយកូដ JavaScript ដែលអាចទាញយកទិន្នន័យដែលអ្នកប្រើប្រាស់បានវាយបញ្ចូលតាមរយៈក្ដារចុច។
អ្នកស្រាវជ្រាវបានចាត់ទុកកូដដែលមាននៅក្នុងកម្មវិធី TikTok គឺវាស្មើនឹងការលួចដំឡើងកម្មវិធី keylogger ទៅក្នុងកម្មវិធីគេហទំព័រមួយចំនួន ដែលជនខិលខូចតែងតែប្រើដើម្បីលួចទាញ យកទិន្នន័យរបស់អ្នកប្រើប្រាស់។ ពួកគេក៏បានបញ្ជាក់ដែរថា កូដនេះអាចលួចយកទិន្នន័យសំខាន់ៗមានដូចជា លេខសម្ងាត់ និងលេខប័ណ្ណឥណទានជាដើម។
ដើម្បីជៀសវាងពីការលួចទាញយកទិន្នន័យ អ្នកស្រាវជ្រាវបានណែនាំឱ្យអ្នកប្រើប្រាស់បើកតំណភ្ជាប់ ទាំងឡាយណាដែលមាននៅក្នុងកម្មវិធី ជាមួយនឹងកម្មវិធីគេហទំព័ររបស់កុំព្យូទ័រ ឬទូរសព្ទមានដូចជា Safari វិញ ព្រោះសូម្បីតែកម្មវិធីគេហទំព័រដែលមាននៅក្នុងកម្មវិធី Facebook និង Instagram ក៏មានបង្កប់មកជាមួយនូវកូដដែលអាចឱ្យពួកគេតាមដានការប្រើប្រាស់របស់លោកអ្នកបានផងដែរ៕